មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មន្ត្រីពន្ធនាគារប្រជុំកែសម្រួលមេរៀនក្នុងកម្មវិធីអប់រំ វគ្គបណ្តុះបណ្តាលបឋមនិងវគ្គបំប៉នជំនាញ(វគ្គខ្លី)
ដីឥដ្ឋ ៖ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានប្រជុំដើម្បីកែសម្រួលមេរៀនក្នុងកម្មវិធីអប់រំវគ្គបណ្តុះបណ្តាលបឋមនិងវគ្គបំប៉នជំនាញ(វគ្គខ្លី) ក្រោមវត្តមាន ឯកឧត្ត ឧត្តមសេនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ម៉ៅ ណំ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារដោយមានសមាសភាពចូលរួម តំណាងអគ្គនាយកដ្ឋានពន្ធនាគារ តំណាងគ្រូនគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិ នៃមជ្ឈមណ្ឌល។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានមានមតិស្វាគមន៍សមាជិក សមាជិការ ដែលបានចូលរួមការកែសម្រួលមេរៀននេះ ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីពន្ធនាគារ លើការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពពន្ធនាគារ បច្ចេកទេសអន្តរាគមន៍ ការប្រើប្រាស់អាវុធបានត្រឹមត្រូវ ការគោរពគំនាប់បានត្រឹមត្រូវ មានអាកប្បកិរិយាល្អប្រសើរ និងពង្រឹងកាយសម្បទា ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់របស់អង្គភាពប្រើប្រាស់កងកម្លាំងមន្ត្រីពន្ធនាគារ។
បន្ទាប់មក សមាជិកអង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងកែសម្រួលមេរៀនក្នុងកម្មវិធីអប់រំ ចំនួន៣វគ្គរួមមាន វគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ វគ្គសុក្រឹតការថ្នាក់ដឹកនាំមន្ត្រីពន្ធនាគារ និងវគ្គបំប៉នជំនាញសន្តិសុខសុវត្ថិភាពពន្ធនាគារ។
ចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានថ្លែងអំណរគុណដល់ ឯកឧត្តម លោកឧត្តមសេនីយ៍ វរសេនីយ៍ តំណាងអគ្គនាយកដ្ឋានពន្ធនាគារនិងគ្រូនគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិនៃមជ្ឈមណ្ឌល ដែលកន្លងមកតែងតែបានសហការល្អ ក្នុងការរៀបចំក៏ដូចជាការកែសម្រួលកម្មវិធីអប់រំឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងគោលដៅរួម លើការបណ្តុះបណ្តាលមន្ត្រីពន្ធនាគារឱ្យមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ និងបានស្នើដល់មជ្ឈមណ្ឌល ដើម្បីកំណត់លទ្ធផលសិក្សារំពឹងទុកនៃមេរៀននីមួយៗឱ្យបានច្បាស់លាស់និងធ្វើការសម្អាតកម្មវិធីអប់រំនេះទៅតាមស្មារតីអង្គប្រជុំដែលបានឯកភាពគ្នានាថ្ងៃនេះ ដើម្បីរៀបចំដាក់ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ពិនិត្យសម្រេច។ដោយ-រ៉ាវុធ