រដ្ឋបាលខេត្តបាត់ដំបង ធ្វើសិក្ខាសាលាតម្រង់ទិសនិងត្រៀមខ្លួនក្នុងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តនូវគោលនយោបាយសន្តិសុខស្បៀងឱ្យបានជោគជ័យ

        ថ្លែងក្នុងឱកាសបើកសិក្ខាសាលាតម្រង់ទិសក្នុងការអនុវត្តនូវគោលនយោបាយសន្តិសុខស្បៀងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងលើកឡើងថា៖ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រនិងគោលការណ៍ពាក់ព័ន្ធនានា។ដែលទាក់ទងនឹងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឱ្យទទួលបានជោគជ័យ គឺរដ្ឋបាលខេត្តបានត្រៀមខ្លួនជាស្រេចរួចហើយដោយបានបង្កើតនូវក្រុមការងារដឹកនាំក្នុងការសម្របសម្រួល ដើម្បីសហការ និងសម្របសម្រួល នៅក្នុងការអនុវត្តគម្រោងនិងរាល់សកម្មភាពនានា ជាមួយនិងក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនិងជាមួយតួអង្គពាក់ព័ន្ធសំខាន់ៗ និងដៃគូអភិវឌ្ឍន៍នានា។

      នៅក្នុងអង្គសិក្ខាសាលាតម្រង់ទិសដល់សមាជិកក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភ នៅថ្ងៃនេផងដែរឯកឩត្តម អ៊ុយ សុធាវី បានចាត់ទុកថាសិក្ខាសាលាតម្រង់ទិសនិងជួយដល់សមាជិកក្រុមការងារដឹកនាំដើម្បីជួយសម្របសម្រួលលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។ហើយសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតដែលសមាជិកក្រុមការងារខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ ពិនិត្យ តាមដាន និងស្វែងយល់ឱ្យបានហ្មត់ចត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

       បើតាមការគូសបញ្ជាក់ពីប្រធានការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភខេត្តបាត់ដំបង បានលើកឡើងបន្ថែមថា៖ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត ឲ្យបានល្អប្រសើរនោះគឺគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល សហគមន៍ ផ្នែកឯកជន អង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍ទាំងអស់ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវមានកិច្ចអន្តរាគមន៍ និងកិច្ចសហការរួមគ្នាឱ្យបានល្អប្រសើរ ព្រមទាំងបង្កើននូវកិច្ចខិតខំប្រឹងប្រែង និងការវិនិយោគក្នុងវិស័យពាក់ព័ន្ធសំខាន់ៗមួយចំនួនជាអាទិភាពចាំបាច់ដូចជា៖វិស័យកសិកម្ម សុខាភិបាល អប់រំ ទឹកស្អាត-អនាម័យ ការគ្រប់គ្រងធនធានទឹក កិច្ចគាំពារសង្គម និងយេនឌ័រជាដើម។

    ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក៏បានថ្លែងជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ គ្រប់សមាសភាពនៃភាគីពាក់ព័ន្ធ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ត្រូវចូលរួមដោះស្រាយជាមួយគ្នា ដើម្បីរិះរកគ្រប់មធ្យាបាយ និងកំណត់ដាក់ចេញនូវវិធានការចាំបាច់នានាដើម្បីបញ្ចប់ភាពអត់ឃ្លានឲ្យបានប្រសើរឡើង និងដើម្បីជួយលើកកម្ពស់វិស័យអាហាររូបត្ថម្ភប្រកបដោយចីរភាពនៅកម្ពុជា។

        តាមរយៈនៃអង្គសិក្ខាសាលានេះ ផងដែរលោកស្រី ឌិន ស៊ាងឡាយ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ក៏បានបង្ហាញនូវទស្សនៈគំនិតចូលរួម និងការប្ដេជ្ញាចិត្ត ក្នុងការគាំទ្រដល់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភនៅក្នុងខេត្តបាត់ដំបង  និងបានថ្លែងសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការបន្តភាពជោគជ័យ របស់ខ្លួននិងការយកចិត្តទុកដាក់ក្នុងការបញ្ចប់គ្រប់ទម្រង់នៃកង្វះអាហាររូបត្ថម្ភ សម្រាប់ប្រជាជនកម្ពុជា របស់ខ្លួន ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner