មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាង ៥០០នាក់ចូលរួមដាំដើមឈើព្រៃលិចទឹកចំនួន ២ពាន់ដើមក្នុងតំបន់ព្រៃលិចទឹកគោកព្រះជាង ២ពាន់ហិកតា ដែលត្រូវបានដកហូតពីជនខិលខូចទុកជាសម្បត្តិរដ្ឋវិញ

កំពង់ឆ្នាំង ៖ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្តប្រមាណជាង ៥០០នាក់ ដាំកូនឈើព្រៃលិចទឹកមានដើមរាំង និងដើមរំដេញ ចំនួន ២០០០ដើម នៅលើដីលិចទឹកចំនួន ២ពាន់ហិកតា នៅតំបន់គោកព្រះ ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលក្រុមការងារអន្តរក្រសួងបានដកហូតពីជនខិលខូច ទុកជាសម្បត្តិរដ្ឋវិញតាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ នៅក្នុងឱកាសនោះ មានប្រសាសន៍ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន ថ្ងៃនេះមន្ត្រីរាជការយើងជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ បានសហការគ្នាដើម្បីដាំកូនឈើចំនួន ២០០០ដើម នៅលើដីចំនួន ២០០០ហិកតា ដែលក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្ត បានដកហូតពីប្រជាពលរដ្ឋ និងមន្ត្រីខិលខូច ដែលបានលួចឈូសឆាយព្រៃលិចទឹក រំលោភយកដីធ្វើជាកម្មសិទ្ធិកន្លងមក ។

ឯកឧត្តម ណៅធួក មានប្រសាសន៍ថា ដើមឈើព្រៃលិចទឹកដែលយើងដាំនៅពេលនេះ ក្នុងមួយឆ្នាំវាអាចលូតលាស់បានកម្ពស់ ៨តឹក និងបើយើងទុកឱ្យរស់បានពីរឆ្នាំនោះ វានឹងមានកម្ពស់ ១,៦០ម៉ែត្រដែលអាចទុកឱ្យត្រីពងកូនបាន សម្រាប់ចិញ្ចឹមជីវិតមនុស្ស ។

ដោយឡែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹងដែរថា សម្រាប់ខេត្តកំពង់ឆ្នាំងនឹងត្រូវដាំកូនឈើព្រៃលិចទឹកចំនួន ២០ម៉ឺនដើមឡើងវិញនៅ ក្នុងតំបន់លិចទឹកគោកព្រះនេះ ។ ចំណែកតាមបណ្ដាស្រុក ក្រុង មួយចំនួនទៀតនៅតាមតំបន់៣ នៃព្រៃលិចទឹក ដែលរងការបំផ្កាញ ក៏ត្រូវដាំដុះដើមឈើព្រៃលិចទឹកជាបន្តបន្ទាប់នៅថ្ងៃខាងមុខផងដែរ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner