ព្រះ​សព​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នឹង​យាង​ដង្ហែ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែធ្នូ​

ភ្នំពេញៈ តាម​គម្រោង​ព្រះ​សព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម ប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ នឹង​យាង​ដង្ហែ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ១១ ថ្ងៃ​តាម​យន្តហោះ​ពិសេស​ពី​ប្រទេស​បារាំង​។ នេះ បើតាម​ការបញ្ជា​ក់រប​ស់លោក​ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថ្លែង ប្រាប់​AMS​នា​រសៀល​ថ្ងៃទី​២ ខែធ្នូ​ឆ្នាំ​២០២១​។​

​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានបញ្ជាក់​ថា ព្រះ​បុត្រា ព្រះ​បុត្រី របស់​សម្តេចក្រុមព្រះ បាន​គិតពី​មធ្យោបាយ និង​ការ​បំពេញបែបបទ​ច្បាប់​ពី​ប្រទេស​បារាំង ជាពិសេស​ការ​ប្រារព្ធ​ព្រះ​ពិធី​តម្កល់សព និង ព្រះ​ពិធី​បូជា​ព្រះ​ភ្លើង​ជាដើម ឱ្យបាន​សម​ទៅនឹង​ព្រះ​ឋានៈ និង​ព្រះ​កិត្តិយស​របស់ ព្រះអង្គ ជា​ឥស្សរជន​ជាន់ខ្ពស់ សម្រាប់​ប្រទេសជាតិ និង​ជាទី​ស្រឡាញ់​ប្រជារាស្ត្រ​ខ្មែរ​។​

​ក្នុង​ពិធី​ដ៏​ក្ដុកក្ដួល​នេះ​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ បំផុត​ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ព្រះអង្គ​ចំនួន ១២​ម៉ឺន​ដុល្លារ (​ព្រះករុណា​ជា​ម្ចាស់ជីវិត ចំនួន ២​ម៉ឺន​ដុល្លារ សម្តេចម៉ែ ចំនួន ១០​ម៉ឺន​ដុល្លារ​) ជូន​ព្រះ​បុត្រាបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាប់​រៀបចំ​កម្ម​ពិធីបុណ្យ​ព្រះ​សព​របស់​ព្រះអង្គ ។​

​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ទ្រង់​សោយ​ព្រះ​ទិវង្គត​នៅ​ប្រទេស​បារាំង នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុង​ព្រះ​ជន្មាយុ ៧៧ ព្រះវស្សា ដោយ​ព្រះ​រោគាពាធ ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​១៩៤៤ នៅ​ក្រុងភ្នំពេញ​។ ទ្រង់​ជា​បុត្រា​ច្បង​របស់​ព្រះបាទ នរោត្តម សីហនុ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល​។​
​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ មាន​ព្រះជន្ម ៧៧​ព្រះវស្សា ។​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ទ្រុឌទ្រោម​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​នៅ​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​-​ព្រះសីហនុ ខណៈដែល​ក្នុង​ឧបទ្ទវ​ហេតុនេះ អ្នក​ម្នាង​របស់​ព្រះអង្គ​គឺ​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព​៕​ដោយ​/​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner