មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ប្រកបដោយជោគជ័យ

ព្រះសីហនុ៖ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១-២ខែធ្នូ ឆ្នាំ ២០២១បានបិទបញ្ចប់ប្រកបដោយជោគជ័យ។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២១នេះឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា មហា សន្និបាតដែលជាកាលានុវត្តភាពមាសសម្រាប់ព្រះរាជា ណាចក្រកម្ពុជាបង្ហាញទៅពិភពលោកពីភាពជាអ្នកដឹកនាំ បង្ហាញពីសក្តានុពលនៃខេត្តព្រះសីហនុដែលជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក៏ដូចជាបង្ហាញនូវសមិទ្ធផលពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការធ្វើទំនើបកម្មខេត្តព្រះសីហនុ ជាពិសេសការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៧ខ្សែ ការសាងសង់អាងប្រព្រឹត្តកម្មសម្អាតសំណល់រាវ ទឹកកខ្វក់ រួមនឹងការរចនាតំបន់ឆ្នេរដ៏ស្រស់ស្អាត ជាផ្នែកមួយនៃការបង្កើនសក្តានុពលខេត្តព្រះសីហនុលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍ សេដ្ឋកិច្ចបន្ថែមទៀត។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា”រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តទាំង ៤ ដែលមានដែនដីជាប់មាត់សមុទ្របាន រៀបចំនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រនានាក្នុងការ អភិរក្សឆ្នេរសមុទ្រ ធនធានសមុទ្រដែលមាន រួមនឹងការកាត់បន្ថយការបំពុលសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការបង្កើនសុខុមាលភាពសមុទ្រ និងជីវភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ និងកោះនានា”។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដោយបញ្ជាក់ថា ពិភពលោកនឹងស្គាល់កាន់តែច្បាស់បន្ថែមទៀតអំពីសក្តានុពលនៃខេត្តជាប់មាត់សមុទ្ររបស់កម្ពុជារួមមានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តកែបដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែង ៤៤០ គីឡូម៉ែត្រ ហើយក៏បានស្ថិតក្នុងចំណោមឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោកដែរ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner