កាកបាទក្រហមកម្ពុជា ប្រគល់ជែលលាងដៃចំនួន ៧៧៣ កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ មន្ទីរពេទ្យ ស្រុកប្រតិបត្តិ និងមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ធំ

កំពង់ធំ ៖ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងសមាជិក សមាជិកា នារសៀលថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០២១ បានប្រគល់ជែលលាងដៃចំនួន ៧៧៣កេស (ស្មើនឹង ១៥,៤៦០ដប) ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ អនុសាខាទាំង ១០ស្រុក/ក្រុង ស្រុកប្រតិបត្តិចំនួន៤ (បារាយណ៍,សន្ទុក, កំពង់ធំ និងស្ទោង) មន្ទីរពេទ្យ-ការិយាល័យសុខាភិបាលខេត្ត និងមន្ទីរជំវិញខេត្តកំពង់ធំ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ហួន ច័ន្ទបូរ៉ា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ទាំងអស់ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដោយក្តីនឹករលឹក ប្រកបដោយកាថស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។ លោកជំទាវបានមានប្រសាសន៍ថា « គោលបំណងធំបំផុតនៃការផ្តល់ជូនជែលលាងដៃនាពេលនេះ គឺសូមមេត្តាផ្ទល់ទៅដល់មន្ទីពេទ្យបង្អែក ឬស្រុកប្រតិបត្តិ ដែលជាកន្លែងទទួលពិនិត្យ-ព្យាបាលជំងឺ ជាពិសេសជំងឺកូវីដ-១៩ ហើយក្នុងនោះដែរសង្ឃឹមថាជែលលាងដៃទាំងនេះបានទៅដល់ដៃកងទ័ពអាវសដែលជាអ្នកជួរមុខក្នុងការចូលរួមចំណែកទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ហើយសូមការអនុញ្ញាតដល់ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ពិសេសឯកឧត្តមប្រធានគណៈកម្មាធិការសាខា មេត្តាជួយបំពេញបន្ថែមជាមួយជែលដែលកាកបាទក្រហមកម្ពុជា ទុកឱ្យប្រើប្រាស់ក្នុងសាខា សូមមេត្តាជួយរៀបចំចាត់ ចែងបែងចែកទៅគ្រប់ទីកន្លែងដែលមានការពាក់ព័ន្ធ និងមានតម្រូវការប្រើប្រាស់ចំបាច់»។

ជាមួយគ្នានេះឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។ ឯកឧត្តមបាន
មានប្រសាសន៍បន្តថា « កាកបាទក្រហមកម្ពុជា ដែល មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន បានផ្តល់ជូនជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះចំពេលដែលរដ្ឋបាលខេត្តកំពង់ធំ កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ធំ ហើយចំពោះជែលដែលនៅសេសសល់និងធ្វើការ បែងចែកទៅដល់ដៃអ្នកប្រើប្រាស់ឱ្យបានទាន់ពេលវេលានិងគ្រប់ទីកន្លែង»។

សូមបញ្ជាក់ជូនថា បន្ទាប់ពីបានទទួលជែលលាងដៃ ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក, កាកបាទក្រហមកម្ពុជា បានប្រគល់ជែលចំនួន ៧៨៥កេស ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៣២ ក្នុងខេត្តរតនគិរី កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រគល់ចំនួន ៧៣៧កេស ដល់មន្ទីរពេទ្យបង្អែកចំនួន ៨ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ក្រៅពីនេះ កាកបាទក្រហមកម្ពុជា បានបែងចែក និងដឹកជញ្ជូនដល់ឃ្លាំង នៅតាមសាខាកាកបាទក្រហមកម្ពុជា ខេត្ត ចំនួន ១០ផ្សេងទៀតរួចរាល់ហើយ ដែលនឹងធ្វើពិធីប្រគល់-ទទួលជាបន្តបន្ទាប់ទៅតាមកាលបរិច្ឆេទសមស្រម។ ដោយឡែក ចំពោះខេត្ត ដែលមិនទាន់ទទួលបាន កាកបាទក្រហមកម្ពុជានឹងប្រគល់ជូនជាបន្តបន្ទាប់ បន្ទាប់ពីទទួលបានជែលលាងដៃពីក្រុមហ៊ុនខាងលើនេះ ជាជំហានទី២ នៅអំឡុងចុងខែធ្នូ ឆ្នាំ២០២១ និងដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner