មន្រ្តីជាន់ខ្ពស់ចិន៖ ការបន្តកិច្ចព្រមព្រៀងរវាងចិន និងរុស្ស៊ីលើការជូនដំណឹងអំពីមីស៊ីលចូលជាធរមាន

ប៉េកាំង៖ ក្រសួងការបរទេសចិនបានលើកឡើងថា ពិធីសារដើម្បីបន្តកិច្ចព្រមព្រៀងរវាងចិន និងរុស្ស៊ី ដើម្បីជូនដំណឹងដល់គ្នាទៅវិញទៅមកអំពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោង និងនាវាផ្ទុកគ្រាប់រ៉ុក្កែតក្នុងរយៈពេល ១០ឆ្នាំបានចូលជាធរមាន នៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ។

អ្នក​នាំ​ពាក្យ​ក្រសួងការបរទេសចិនលោក Wang Wenbin ​បាន​ធ្វើ​ការ​ប្រកាសបែបនេះនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅក្នុងថ្ងៃ​ ព្រហស្បតិ៍ សប្តាហ៍នេះ។ លោក Wang បាននិយាយថា ការផ្លាស់ប្តូរនេះបានបង្ហាញឱ្យឃើញថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ីចំពោះការសម្របសម្រួលសម្រាប់យុគសម័យថ្មី គឺស្ថិតក្នុងកម្រិតខ្ពស់ ហើយថា ប្រទេសទាំងពីរមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល។ លោកបន្តថា ការបន្តកិច្ចព្រមព្រៀងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ និងសន្តិភាព ព្រមទាំងសន្តិសុខពិភពលោក។ គួរបញ្ជាក់ថា ចិន និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជូនដំណឹងទៅវិញទៅមកសម្រាប់ការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោង និងនាវាផ្ទុកយន្តហោះ កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០០៩ ហើយទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Wei Fenghe និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានចុះហត្ថលេខាលើពិធីសារមួយ ដើម្បីបន្តសុពលភាពរយៈពេល ១០ឆ្នាំនៅក្នុងខែធ្នូ ឆ្នាំ ២០២០។ ក្នុងពេលថ្មីៗនេះ ប្រទេសរុស្ស៊ីក៏បានបញ្ចប់នីតិវិធីសម្រាប់ពិធីសារចូលជាធរមានផងដែរ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner