សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអឺរ៉ុបដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបេឡារុស ជុំវិញវិបត្តិជនភៀសខ្លួន

បរទេស៖ សហភាពអឺរ៉ុប កាណាដា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក​បានដាក់បន្ថែមទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសបេឡារុស ចំពោះការបង្ក​វិបត្តិជនភៀសខ្លួន​ដោយ​ហេតុផល​នយោបាយ នៅតាមព្រំដែនប្រទេសប៉ូឡូញដែលជាសមាជិករបស់សហភាពអឺរ៉ុប។

​សេចក្តីថ្លែងការណ៍​រួម​មួយ​ពី​សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា និង​សហភាព​អឺរ៉ុប​បានបញ្ជាក់ថា ការដាក់ទណ្ឌកម្ម​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​ការវាយប្រហា​រលើ​សិទ្ធិមនុស្ស​ និង​សេរីភាព​​ជា​មូលដ្ឋាន​នៅក្នុង​ប្រទេស​បេឡា​រុ​ស ការ​មិន​យកចិត្តទុកដាក់​ចំពោះ​បទដ្ឋាន​អន្តរជាតិ និង​ទង្វើ​នៃ​ការគាបសង្កត់​ម្តង​ហើយ​ម្តងទៀត​​។​ ​សេចក្តីថ្លែងការណ៍ដដែលនេះ​បានទាមទារ​ឱ្យ​របបដឹកនាំ​របស់ប្រធានាធិបតីបេឡារុសលោក អា​ឡិច​សាន់ឌ័​រ លូ​កា​សិន​កូ ​បញ្ឈប់​ជា​បន្ទាន់ ​និង​ទាំងស្រុង​នូវ​ការរៀបចំ​ការធ្វើ​ចំណាកស្រុក​មិន​ទៀងទាត់​ឆ្លងកាត់​ព្រំដែន​របស់​ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​​។​ ទោះជាយ៉ាងណា ប្រទេសបេឡារុស តាមរយៈក្រសួងការបរទេស​របស់ខ្លួន​បានធ្វើការ​រិះគន់ចំពោះការ​ទណ្ឌកម្ម​នេះ​។​

គួរបញ្ជាក់ថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងប្រទេសទាំងបីខាងលើនេះ ​បានកំណត់​គោលដៅ​ទៅលើ​មន្ត្រី​សន្តិសុខ​ និង​យុត្តិធម៌​ជាន់ខ្ពស់ ឥស្សរជន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីៗ កូនប្រុស​ម្នាក់​របស់លោកប្រធានាធិបតីបេឡារុស ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ក្រសួង​ការពារជាតិ និង​ក្រុមហ៊ុននាំចេញ​​ជីរ​ដ៏​ធំ​មួយ​។​ អ្នក​ជាប់​ទណ្ឌកម្ម​ដទៃ​ទៀត​គឺ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ Belavia ប្រតិបត្តិ​ករ​ទេសចរណ៍​ និង​សណ្ឋាគារ​ដែល​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ ក្នុង​ការទាក់ទាញ​ជន​ភៀសខ្លួន​មជ្ឈិមបូព៌ា​រាប់ពាន់​​នាក់​ទៅ​កាន់​ព្រំដែន​ប៉ូឡូញ​ និង​លី​ទុយ​អា​នី ដែល​បង្ក​ឱ្យ​មាន​វិបត្តិ​ចំណាកស្រុក​ និង​មនុស្សធម៌៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner