លោក ចូ បៃដិន បង្ហាញយុទ្ធសាស្ត្ររដូវរងា ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដាក់ចេញនូវយុទ្ធសាស្ត្ររបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង នៅពេលដែលប្រជាពលរដ្ឋអាមេរិកឈានចូលដល់រដូវរងា ខណៈមន្ត្រីសេតវិមានក៏បានបញ្ជាក់ពីការរកឃើញករណីឆ្លងចំនួន ៣ នៃវីរុសបំប្លែងថ្មី អូមីក្រុង ផងដែរ។

លោក បៃដិន បានបង្ហាញពីផែនការរបស់លោក នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថានសុខភាពជាតិនៅជិតទីក្រុងវ៉ាស៊ីនតោន។ លោក បៃដិន ​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក​នឹង​ប្រយុទ្ធ​ប្រឆាំងជាមួយមេរោគបំប្លែងថ្មី តាមរយៈផ្នែក​វិទ្យាសាស្ត្រ និង​ល្បឿននៃការចាក់វ៉ាក់សាំង មិន​មែន​ភាព​ចលាចល និង​ការ​ច្របូកច្របល់​ឡើយ។ ឱសថស្ថាននឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការចាក់វ៉ាក់សាំង រួមទាំងការចាក់ដូសជំរុញ។ គ្លីនិកថ្មីៗរាប់រយកន្លែងនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់អាណាព្យាបាល និងកូន ក្នុងការទទួលថ្នាំបង្ការរបស់ពួកគេទាំងអស់គ្នា។

លោក បៃដិន ចង់​ធានា​ថា ​ប្រជាជន​អាមេរិក​មាន​សិទ្ធិ​ធ្វើតេស្តរកជំងឺកូវីដ១៩ដោយខ្លួនឯង ដោយរដ្ឋបាលរបស់លោកនឹងចែកចាយឧបករណ៍ធ្វើតេស្តរាប់លានដល់ប្រជាជន ដូច្នេះពួកគេនឹងអាចពិនិត្យសុខភាពដោយខ្លួនពួកគេផ្ទាល់ នៅផ្ទះ និងឥតគិតថ្លៃ។ បន្ថែមលើនេះ មន្ត្រីសេតវិមានក៏នឹងរឹតបន្តឹងលើការធ្វើដំណើរតាមផ្លូវអាកាសផងដែរ ដោយពួកគេបានតម្រូវឱ្យភ្ញៀវអន្តរជាតិធ្វើតេស្តអវិជ្ជមានក្នុងរយៈពេលបីថ្ងៃ មុនពេលឡើងយន្តហោះ។ ឥឡូវនេះ មនុស្សគ្រប់ជាតិសាសន៍នឹងត្រូវធ្វើតេស្តអវិជ្ជមានក្នុងរយៈពេលមួយថ្ងៃនៃការចាកចេញ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner