ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន

នៅក្នុងកិច្ចប្រជុំ លើកទី៣របស់គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានធ្វើការពិភាក្សាស៊ីជម្រៅ លើបញ្ហាដែលជាផលប្រយោជន៍រួម និងបានពិនិត្យរិះរកសក្តានុពលនានា ដើម្បីពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក្នុងវិស័យនយោបាយ-សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្មនិងកសិធុរកិច្ច ទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាស វប្បធម៌ ការងារ ការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ សុខាភិបាល និងបរិស្ថាន។

ក្នុងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា និងហ្វីលីពីនបានទទួលស្គាល់ អំពីសារសំខាន់នៃការរក្សានូវការប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម រវាងមន្ត្រីជាន់ខ្ពស់យោធា និងមន្រ្តីជាន់ខ្ពស់នគរបាល តាមរយៈវេទិកាទ្វេភាគី និងពហុភាគី ដោយធ្វើការចែករំលែក និងផ្លាស់ប្តូរ ព័ត៌មាន និងឧត្តមានុវត្តន៍រវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងការអនុវត្តច្បាប់ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនៃបញ្ហាប្រឈមនានាក្នុងតំបន់ ដូចជាភេរវកម្ម ការជួញដូរគ្រឿងញៀននិងការជួញដូរមនុស្ស ការរត់ពន្ធអាវុធ ការលាងលុយកខ្វក់ ចោរសមុទ្រ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការក្លែងបន្លំអត្តសញ្ញាណ និងការជួញដូរសត្វព្រៃខុសច្បាប់។

ដោយកត់សម្គាល់ឃើញអំពីសក្តានុពល និងកាលានុវត្តភាពដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ គណៈកម្មការចម្រុះបានប្តេជ្ញាជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម និង វិនិយោគទ្វេភាគី តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មបន្ថែមរួមមាន៖ ពិព័រណ៍ពាណិជ្ជកម្មការតាំងពិព័រណ៍ ការផ្គូផ្គងធុរកិច្ចរវាងសហគ្រាសអាហរ័ណ-នីហរ័ណនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាគីទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្ម កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងបង្កើនពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

សម្រាប់វិស័យអប់រំ គណៈកម្មការចម្រុះបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបតិ្តការ និងភាពជាដៃគូកាន់តែជិតស្និទ្ធបន្ថែមទៀតរវាងសាកលវិទ្យាល័យនានា ដែលមានអនុស្សារណៈយោគយល់ គ្នា ដើម្បីបង្កើនការផ្លាស់ប្តូរនិស្សិតនិងបុគ្គលិក ការពង្រឹងសមត្ថភាពនិងគុណសម្បត្តិ លើកកម្ពស់ការបង្រៀននិងការសិក្សា ព្រមទាំងកិច្ចសហការក្នុងការស្រាវជ្រាវ។ ភាគីកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះហ្វីលីពីន ដែលបានផ្តល់អាហារូបករណ៍ពេញលេញសម្រាប់ថ្នាក់ក្រោយឧត្តមសិក្សាដល់និស្សិតកម្ពុជាក្នុងផ្នែកវិទ្យាសាស្រ្ត គណិតវិទ្យា និងវិស្វកម្ម នៅតាមសាកលវិទ្យាល័យល្បីឈ្មោះនានារបស់ហ្វីលីពីន និង វគ្គបណ្តុះបណ្តាលភាសាអង់គ្លេសលើកទី៤ ដល់មន្រ្តី និងបុគ្គលិកនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាព។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្មនិងកសិធុរកិច្ចតាមរយៈការផ្លាស់ប្តូរព័ត៌មាន ស្ថិតិ ចំណេះដឹង បទពិសោធន៍ និងឧត្តមានុត្តន៍។ ភាគីកម្ពុជាបានលើកទឹកចិត្តឱ្យវិនិយោគិនហ្វីលីពីនស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា ជាពិសេស ផ្នែកស្រូវ បន្លែ និងការចិញ្ចឹមសត្វ។

កម្ពុជា និងហ្វីលីពីន បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈ ដូចជា ការថែទាំសុខភាពបឋម ការថែទាំសុខភាពម្ដាយនិងកុមារ ការគ្រប់គ្រងជំងឺឆ្លងនិងមិនឆ្លងតាមរយៈការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងឧត្តមានុវត្តន៍។ កម្ពុជាបានស្នើហ្វីលីពីនពិចារណា ផ្តល់វគ្គ និងកម្មវិធីបណ្តុះបណ្តាលគិលានុបដ្ឋាយិកាដល់យុវជនកម្ពុជា ដោយហ្វីលីពីន គឺជាប្រទេសដែលឈានមុខគេក្នុងពិភពលោកក្នុងការបញ្ជូនគិលានុបដ្ឋាយិកាទៅធ្វើការនៅបរទេស។ ភាគីហ្វីលីពីន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្រ្តីស្ថានទូតហ្វីលីពីន និងសហគមន៍ហ្វីលីពីន តាមគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ។

កម្ពុជា និងហ្វីលីពីន បានសម្តែងនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសម្របសម្រួល និងបន្តគាំទ្រ គ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការ សហប្រជាជាតិ។ ទន្ទឹមនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ឯកឧត្តម រ៉ូទ្រីហ្គោ រ៉ោ ឌូទែរតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាបានរៀបចំប្រកបដោយជោគជ័យនាពេលថ្មីៗនេះតាមប្រព័ន្ធវីដេអូ។ ភាគីហ្វីលីពីនបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២។

ភាគីទាំងពីរយល់ស្របគ្នាថា ឆ្នាំ២០២២ គឺជាឆ្នាំដ៏សំខាន់មួយ ដោយកម្ពុជា និងហ្វីលីពីន នឹងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត។ ការប្រារព្ធព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នឹងបន្ថែមនូវភាពរឹងមាំ និងភាពរស់រវើកដល់ការរីកលូតលាស់នៃទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលនឹងជាសកម្មភាពដ៏មានអត្ថន័យមួយក្នុងចំណោមសកម្មភាពនានា ដើម្បីរំលឹកខួបអនុស្សាវរីយ៍នេះ។

កិច្ចប្រជុំ លើកទី៣របស់គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនស្តីពីកិច្ចសហប្រតិបត្តិការទ្វភាគី បានប្រព្រឹត្តិទៅក្នុងបរិយាកាសស្និទ្ធស្នាលមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមក ដែលបានឆ្លុះបញ្ចាំងនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរនាបណ្តាឆ្នាំខាងមុខ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner