រដ្ឋមន្រ្តីរបស់សមាជិក PEMSEA បានឯកភាពគ្នាលើផែនទីរួមក្នុងការគ្រប់គ្រង និងការពារអភិរក្ស សមុទ្រនៅ ក្នុងតំបន់អាស៊ីបូព៌ា

ខេត្តព្រះសីហនុ៖ មហាសន្និបាតសមុទ្រលើកទី៧ដែលកម្ពុជាជាម្ចាស់ផ្ទះនៅខេត្តព្រះសីហនុចាប់ពីថ្ងៃទី ១-២ខែធ្នូ ឆ្នាំ ២០២១កន្លងមក ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុ មាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» បានបញ្ចប់ដោយ បណ្តារដ្ឋមន្រ្តីរបស់សមាជិក PEMSEA បានឯកភាពគ្នាលើផែនទីរួមមួយក្នុងការគ្រប់គ្រង និងការពារអភិរក្ស សមុទ្រនៅ ក្នុងតំបន់អាស៊ីបូព៌ា។

ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការពិនិត្យឡើងវិញនៃការអនុវត្តផែនការនាពេលកន្លងមក។ក្នុងចំណោមនៃសមាជិករបស់PEMSEAដែលមានចំនួន១១ប្រទេស ក្នុងនេះទី១គឺពិនិត្យទៅលើការគ្រប់គ្រងតំបន់ឆ្នេរ ការអភិវឌ្ឍន៍នៅតាមតំបន់ឆ្នេរ, ចំណុចទី២ពិនិត្យទៅលើការអភិវឌ្ឍន៍ដោយចិរភាព, ទី៣ពិនិត្យទៅលើ សុខុមាលភាព របស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធទៅនឹងការបង្កើតសមត្ថភាពរបស់ពួកគាត់ដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបង្កើតទៅនឹងប្រាក់ចំណូលរបស់ពួកគាត់, ចំណុចទី៤ពាក់ព័ន្ធទៅនឹងផែនការសកម្មភាពផ្សេងៗដែលបណ្តាលនៃប្រទេសជាសមាជិក PEMSEA កំណត់ទិសដៅរបស់ខ្លួនចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ថាតើត្រូវធ្វើយ៉ាងណា ដើម្បី ឱ្យមានចិរភាពពីការគ្រប់គ្រងអភិរក្សតំបន់ឆ្នេរ ក៏ដូចជាពង្រឹងទៅលើសុខុមាលភាពសមុទ្រ តាមរយៈការដាក់ចុះនៃផែនការផ្សេងៗជាដើម។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំក្នុងថ្ងៃចុងក្រោយគឺជាជោគជ័យសំខាន់មួយទៀតប្រទេសទាំង១១នៃសមាជិកអង្គការ PEMSEAនោះគឺបានចុះហត្ថលេខាលើសេចក្តីថ្លែងការរួមដែលគេហៅសេចក្តីថ្លែងការរបស់រដ្ឋមន្រ្តីនៃអង្គការ PEMSEAនៅក្នុងមហាសន្និបាទនេះ។សម្រាប់សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាសមាជិកនៅក្នុងការការពារ អភិរក្សសមុទ្រដែលជាអាយុជីវិតរបស់ប្រជាពលរដ្ឋរាប់រយលាននាក់នៅក្នុងតំបន់ ហើយចំពោះចំណុចទី២គឺការកំណត់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តដើម្បីសំដៅធ្វើយ៉ាងរៀបចំផែនការអភិរក្ស និង ការពារឱ្យបានល្អប្រសើរទាំងប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធបរិស្ថាន។ពិសេសជាងនេះគឺការប្រែប្រួលអាកាសធាតុ ជីវភាពរបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ។

ឯកឧត្តមបានមានប្រសាសន៍ដោយបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំរយៈពេល ២ថ្ងៃដែលកម្ពុជាបានរៀបចំកន្លងមកបានប្រព្រឹត្តិទៅយ៉ាងរលូនល្អ បើទោះបីក្នុងបរិបទកូវីដ១៩ក៏ដោយ។ក្នុងកិច្ចប្រជុំនេះដែរកម្ពុជាបានបង្ហាញពីការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងនេះដោយផ្តោតទៅលើការពិនិត្យសមិទ្ធផលផែនការចាស់ ដែលយើងបានអនុវត្តនិងការរៀបចំនូវផែនការថ្មីក្នុងកិច្ចការការពារនិង អភិរក្សសមុទ្រ ។សមិទ្ធផលដែលសម្រេចបានទាំងនេះស្របគ្នាក្នុងពេលដែលថ្ងៃទី ០២ខែធ្នូឆ្នាំ ២០២១កន្លងមកសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញជាអធិបតីភាពបើកសម្ពោធជាផ្លូវការនៃហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវថ្នល់ អាងប្រព្រឹត្តកម្មទឹកខ្វក់ និងមានរចនាសម្ព័ន្ធផ្សេងៗទៀតដែលគាំទ្រទៅលើដំណើរការទំនើបកម្មនៅក្នុងខេត្តព្រះសីហនុ ស្ថិតនៅក្នុងខេត្តមួយក្នុងចំណោមខេត្ត៤របស់កម្ពុជាមានព្រំប្រទល់ជាប់សមុទ្រ ក្នុងនេះដូចជា ខេត្តកំពត ខេត្តកែប កោះកុង និងខេត្តព្រះសីហនុ។

ពិសេសជាងនេះដោយសារការវិនិយោគយ៉ាងច្រើនឬប្រមាណជាង៣០០លានដុល្លារសហរដ្ឋអាមេរិកបានធ្វើឱ្យខេត្តព្រះសីហនុ ជាខេត្តជាប់សមុទ្រមានសក្តានុពលក្នុងនេះដូចជាមានផែទឹកជ្រៅ មានព្រលានយន្តហោះដែលមានផ្លូវរត់វែងសម្រាប់ការចុះចតរបស់យន្តហោះបែបអន្តរជាតិ ផ្លូវល្បឿនលឿន ឆ្នេរសមុទ្រស្អាត យើងមានកោះ និងយើងមានសក្តានុពលសេដ្ឋកិច្ច ដែលទាំងអស់នេះគឺជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចង់ប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ចំពោះការអនុម័ត្តលើសេចក្តីសម្រេចនានាក៏ដូចជា សេចក្តីប្រកាសនៅទីក្រុងព្រះសីហនុដោយរដ្ឋមន្រ្តីរបស់ PEMSEAនៅក្នុងកិច្ចប្រជុំលើកទី៧វាគឺជាផ្នែកមួយនៃការដើរទន្ទឹមគ្នាផែនការអភិរក្ស និង ការអនុវត្ត ខេត្តនៅជាប់សមុទ្រសំដៅធ្វើយ៉ាងណាឱ្យខេត្តទាំងអស់នេះមានសេដ្ឋកិច្ចខ្ពស់ ហើយទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តមរដ្ឋលេខាធិការឱ្យដឹងដែរថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាននិងរួមទាំងរដ្ឋបាលខេត្តថ្នាក់ក្រោមជាតិបានរៀបចំអនុវត្តគម្រោងការពារ និងអភិរក្សសមុទ្រនេះនិងតំបន់ជុំវិញធ្វើឱ្យខេត្តព្រះសីហនុ ដែលជាខេត្តមួយដ៏សំខាន់នឹងបោះជំហ៊ានទៅមុខ អាចទាក់ទាញភ្ញៀវទេសចរនិងអ្នកវិនិយោគកាន់តែច្រើន ។ព្រមជាមួយគ្នាចំពោះវិធានការការពារ បរិស្ថានក៏មានកម្រិតខ្ពស់ដែរហើយបច្ចុប្បន្ន ខេត្តព្រះសីហនុយើងមានអាងប្រព្រឹត្តកម្ម ចម្រោះទឹក កខ្វក់២កន្លែងកំពុងដំណើរការនិងអាងប្រព្រឹត្តកម្មមួយទៀតកំពុង សាងសង់ហើយនៅពេលរួចរាល់នឹងមានសមត្ថភាពអាចចម្រោះទឹកកខ្វក់រហូតដល់២០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយអាចជួយក្នុងការគ្រប់គ្រងបរិស្ថានកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានអះអាងថា “ចំពោះឆ្នេរសមុទ្រយើងគឺគ្រប់គ្រងបានល្អ យើងបានកាត់បន្ថយបំពុល ពិសេសការបំពុលដោយផ្លាស្ទិកតែម្តង។ទាំងនេះគឺជាគោលការណ៍របស់អង្គការ PEMSEAផង”។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រជុំរបស់រដ្ឋមន្រ្តីPEMSEAនេះបានផ្តោតសំខាន់ណាស់ទៅលើការបំពុលបរិស្ថានសមុទ្រក្នុងនេះដូចជាការបំពុលដោយបា្លស្ទិក ការនេសាទហួសកម្រិតលើធនធាននិងរួមទាំងការប៉ះពាល់ផ្សេងៗទៀត។ដូចនេះការរៀបចំនូវអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ការគ្រប់គ្រងនូវសំណល់ប្លាស្ទិកមិនឱ្យហូរចូលសមុទ្រ ដែលនេះជាវិធានការការពារនិងអភិរក្សសំដៅធ្វើយ៉ាងណាកុំឱ្យបំពុលដើម្បីឱ្យធនធានសមុទ្ររបស់យើងត្រូវបានការពារនិងអភិរក្ស ហើយយើងអាចទាញ ដកហូតនូវធនធានសមុទ្រនេះក្នុងក្របខណ្ឌនៃការទទួលខុសត្រូវនិងយើងរៀបចំដាក់ផែនការតទៅមុខទៀត។

ជុំវិញក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្រ្តាបានលើកឡើងថា ក្នុងពិធីនេះបញ្ហាដ៏សំខាន់មួយទៀតដែលគេបានលើកមកពិភាក្សានោះគឺការប្រែប្រួលអាកាសធាតុ ដើម្បីសំដៅធ្វើយ៉ាងណាបង្កើនសមត្ថភាពរបស់ប្រជាពលរដ្ឋឱ្យមានការយល់និងអាចបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ រួមគ្នាទប់ស្កាត់កាត់បន្ថយនៃការកើនឡើងនៃកំដៅផែនដី ដែលជាហេតុនាំឱ្យកើតគ្រោះមហន្តរាយចំពោះមនុស្សជាតិ។

គួរបញ្ជាក់ថាមហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ ឆ្នាំម្តងដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីននិងលើកទី៧នៅកម្ពុជា។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុងនោះរួមមាន កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner