ឯកឧត្តម ញឹក ប៊ុនឆៃ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាបេក្ខភាពនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានមានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាព សីលធម៌ អត្តចរិត និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ប្រសាសន៍របស់ឯកឧត្តម ញឹក ប៊ុនឆៃ ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចប់កិច្ចប្រជុំគណៈកម្មាការនាយកគណបក្សខ្មែររួបរួមជាតិ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំឃើញថា នេះជារលកថ្មីដែលនឹងបន្តវេន ព្រោះទាំងខ្ញុំទាំងថ្នាក់ដឹកនាំផ្សេងៗសុទ្ធតែចាស់អស់ហើយ ធម្មតាត្រូវតែមានអ្នកបន្តវេនជាបន្តបន្ទាប់។ ខ្ញុំឃើញគុណសម្បត្តិរបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ពិតជាមានលក្ខណៈ គុណសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹងរបស់គាត់ ទាំងសីលធម៌ អត្តចរិតរបស់គាត់ទាំងប៉ុន្មាន គឺខ្ញុំតាមដានមើលទៅឃើញថា គាត់មានលក្ខណៈគ្រប់គ្រាន់អាចនឹងទទួលការងារដើម្បីបន្តវេនពីថ្នាក់ដឹកនាំចាស់ៗបាន សម្រាប់ខ្ញុំមើលឃើញអ៊ីចឹង! “។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី០២ ខែធ្នូឆ្នាំ២០២១ បានប្រកាសគាំទ្រដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។ ដោយសម្តេចបានប្រកាសថា “គាំទ្រកូនឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ត តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ។ ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី”។

គួរបញ្ជាក់ថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះ គឺប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រាប់ជាន់ថ្នាក់ បានប្រកាសគាំទ្រ និងធ្វើញ្ញត្តិប្រសាសន៍ផ្តួចផ្តើមរបស់សម្តេចក្នុងការគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ហើយនៅលើបណ្តាញសង្គមហ្វេសប៊ុកវិញ គឺភាគច្រើនបានសរសេរសារបង្ហោះគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីយ៉ាងផុសផុល៕ 

ដោយៈ ពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner