ឯកឧត្តម ប្រាវីដ វង្សសុវណ្ណ សន្យាទប់ស្កាត់ចំពោះរាល់ការប្រើប្រាស់បណ្តាញសង្គមថៃ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ប្រាវីដ វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ទទួលបន្ទុកសន្តិសុខជាតិ  និងជាប្រធានគណបក្សផ្លាំងប្រាឆារ៉ាត (អំណាចប្រជាជន) ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលថៃបន្ចុប្បន្ន បានបង្ហាញឆន្ទៈគាំទ្រ និងសន្យាទប់ស្កាត់ឱ្យបានចំពោះរាល់ការប្រើប្រាស់បណ្តាញសង្គមថៃ ដើម្បីប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។

ការសន្យានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ប្រាវីដ វង្សសុវណ្ណ បានសម្តែងការកោតសរសើរចំពោះការដឹកនាំប្រទេសឆ្ពោះទៅទទួលបានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍយ៉ាងឆាប់រហ័យលើគ្រប់វិស័យរបស់កម្ពុជា។ 

នៅក្នុងជំនួបពិភាក្សា ឯកឧត្តម សុខ សុក្រឹត្យា បានស្នើភាគីថៃបន្តជំរុញកិច្ចសហប្រតិបត្តិការល្អក្នុងកិច្ចការផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-ថៃ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការទប់ស្កាត់ក្រុមប្រឆាំងដែលប្រើប្រាស់បណ្តាញសង្គមពីប្រទេសថៃ ដើម្បីធ្វើការវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរគ្រឿងញានតាមព្រំដែនកម្ពុជា-ថៃផងដែរ។

ឯកឧត្តម សុខ សុក្រឹត្យា ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតមក ព្រមទាំងបានសម្រេចដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីប្រទេសធ្វើដំណើរមកប្រទេសថៃដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ជាពិសេស ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលថៃបានយកចិត្តទុកដាក់ និងសហការជួយសម្រួលបញ្ហាប្រឈមដល់ពលករខ្មែរចំណាកស្រុក និងនិស្សិតកម្ពុជាដែលស្នាក់នៅក្នុងប្រទេសថៃបានយ៉ាងល្អដូចប្រជាជនថៃផងដែរ៕ 

ដោយៈពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner