នាយឧត្តមសេនីយ៍ សៅ សុខា ៖ សមត្ថកិច្ចមានបញ្ជីឈ្មោះមុខសញ្ញាដែលទន្ទ្រានបំផ្លាញព្រៃលិចទឹកនៅក្នុងតំបន់៣

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា មុខសញ្ញាដែលទន្ទ្រានព្រៃលិចទឹកក្នុងតំបន់៣ គឺសមត្ថកិច្ចមានបញ្ជីឈ្មោះអស់ហើយ និងស្រាវជ្រាវអ្នកដែលពាក់ព័ន្ធ។ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសភ្លាម គឺមានមនុស្សមួយចំនួនចេញមកសារភាព និងបានប្រគល់ដីជូនរដ្ឋវិញដោយមិនមានការតវ៉ា។ 

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា មានប្រជាពលរដ្ឋមួយចំនួន ដែលបានបំពានរំលោភទៅលើតំបន់អភិរក្ស គឺតំបន់ នៃតំបន់បឹងទន្លេសាប យោងតាមការអំពាវនាវរបស់សម្តេចចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យចេញមកបង្ហាញខ្លួនថា ខ្លួនជាអ្នករំលោភបំពាន គឺមានមនុស្សមួយចំនួនបានចេញមកសារភាពប្រាប់ថា ខ្លួនបានរំលោភហើយប្រគល់ដីជូនរដ្ឋវិញដោយមិនមានការតវ៉ា។ មនុស្សភាគច្រើនដែលបានប្រុងប្រៀបនឹងចុះទៅធ្វើការភ្ជួររាស់ ឬមួយទៅកាប់ដើម្បីទន្ទ្រានបង្កបង្កើនផលនៅពេលដែលទឹកស្រកត្រឡប់ទៅវិញ ក្រោយពេលដែលបទបញ្ជារបស់សម្តេចភ្លាម គឺនាំគ្នារត់បាត់អស់ទៅ ដោយសារតែប្រជាជនដឹងថា ខ្លួនខុសហើយ គឺបានរត់ចេញពីតំបន់នោះ។ លើកលែងតែមនុស្សចំនួន៨នាក់នៅខេត្តបាត់ដំបង ដែលកំពុងតែធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំអំពីការចូលទៅក្នុងតំបន់៣ ក្នុងការធ្វើសកម្មភាពទន្ទ្រាន។

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា ចំពោះមុខសញ្ញាដែលធ្វើសកម្មភាពទន្ទ្រាន មុខសញ្ញាមួយចំនួន គឺមានបញ្ជីឈ្មោះអ្នកបំពាន ប៉ុន្តែដោយសារតែទឹកមិនទាន់ស្រកអស់ គឺមនុស្សទាំងនោះមិនចូលទៅធ្វើសកម្មភាព។ តែសមត្ថកិច្ចក៏នៅតែស្រាវជ្រាវដើម្បីរកអ្នកណាខ្លះដែលចូលទៅបំផ្លាញព្រៃលិចទឹកនៅក្នុងរយៈពេលកន្លងទៅ នៅក្នុងតំបន់៣។ មនុស្សមួយចំនួនទៀតអត់មានអត្តសញ្ញាណទេ បានចូលទៅកាប់ទន្ទ្រាន និងកំពុងតែធ្វើការស្រាវជ្រាវរក។

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បន្តថា ពាក់ព័ន្ធអាវុធហត្ថដែលឯកឧត្តមគ្រប់គ្រងបញ្ជា គឺសំខាន់ធ្វើការល្បាតតាមមធ្យោបាយផ្លូវទឹក ដើម្បីទប់ស្កាត់ការបញ្ជូនមធ្យោបាយ មនុស្ស និងសម្ភារចូលទៅទន្ទ្រានកាប់ ឬមួយក៏ធ្វើការដាំដុះនៅពេលរដូវទឹកស្រកនេះ ហើយប្រើប្រាស់កម្លាំងដោយរថយន្ត ម៉ូតូ ឬដោយថ្មើរជើង នៅលើគោកនៅតំបន់ដែលហាមឃាត់ (តំបន់៣) ដែលចូលទៅបាននៅពេលទឹកស្រក គឺធ្វើល្បាតដោយថ្មើរជើងទប់ស្កាត់កុំឱ្យមានការចូលទន្ទ្រានកាន់កាប់ថ្មី ឬមួយបង្កបង្កើនផលដាំដុះនៅលើតំបន់ដែលហាមឃាត់ទោះបី ១ឆ្នាំមុន ឬ ២ឆ្នាំមុន គាត់បានធ្វើសកម្មភាពហើយក៏ដោយ ប៉ុន្តែឆ្នាំនេះមិនឱ្យធ្វើទេ ហើយបើអ្នកណានៅតែបំពានគឺត្រូវតែអនុវត្តច្បាប់ហើយ៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner