កិច្ចប្រជុំទ្វេភាគីរដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ប្តេជ្ញាកសាងភាពធន់ទប់ទល់នឹងជំងឺកូវីដ-១៩ ពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ច និងទេសចរណ៍

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រជុំទ្វេភាគី ក្នុងដំណើរអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៥ ខែធ្នូនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា “នៅក្នុងកិច្ចប្រជុំទ្វេភាគី យើងបានបន្តប្តេជ្ញាកសាងភាពធន់ទប់ទល់នឹងជំងឺកូវីដ-១៩ ពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ច និងទេសចរណ៍ លើកស្ទួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងបច្ចេកទេសជាដើម។ កម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងមិត្តភាពដ៏គង់វង្សរបស់មិត្តចិន”។

គួររម្លឹកឱ្យដឹងថា​ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវការនៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគី ជាមួយឯកឧត្តម វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ នៅលើវិស័យផ្សេងៗ រួមមាន វិស័យការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។ ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ទំនាក់ទំនង មិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការ ជាក់លាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner