ព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងជាង ៩៦គីឡូម៉ែត្រ ចាប់ពីស្ពានអ្នកលឿង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ

ព្រៃវែង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨ គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការ ចូលរួមពីឯកឧត្តម វ៉ាង វិនធៀន (H.E Mr.Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

តាមរបាយការណ៍ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិ លេខ១) ស្ថិតក្នុងភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វ ផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយក្នុងនោះ ផ្លូវឆ្លងកាត់ភូមិសាស្រ្តខេត្តព្រៃវែង មានប្រវែង៦៥,៥៥គីឡូម៉ែត្រ និងភូមិសាស្រ្តខេត្តត្បូងឃ្មុំ មានប្រវែង២១,១៣គីឡូម៉ែត្រ រួមទាំងផ្លូវក្នុងក្រុងព្រៃវែងចំនួន២កន្លែង មានប្រវែង៩,៨០គីឡូម៉ែត្រ។ ផ្លូវជាតិលេខ១១ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ លើកកម្រិតគុណភាព និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោម កម្រាស់ ៦០សង់ទីម៉ែត្រ។ ទទឹងតួផ្លូវ មានប្រវែង ១១ម៉ែត្រ ក្នុងនោះ ៧ម៉ែត្រ សម្រាប់រថយន្តចរាចរណ៍ ចែកជា ២គន្លង (១ទៅ ១មក) និងផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង (១ទៅ ១មក) សាងសង់ស្ពានចំនួន ២កន្លែង ប្រវែងសរុប ២១០ម៉ែត្រ ដាក់លូជ្រុងចំនួន ៣កន្លែង លូមូលចំនួន ៩១កន្លែង និងលូដាក់តាមប្រឡាយសងខាងផ្លូវចំនួន ១៩២កន្លែង រួមទាំងការងាររៀបចំផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៤ខែ ប៉ុន្តែការសាងសង់ជាក់ ស្តែងត្រឹមតែ ៣០ខែប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លឿនជាង ផែនការគ្រោងទុក ១៤ខែ ចំណាយថវិកាសាងសង់សរុប ៩៨,៣៨៨ លានដុល្លារអាមេរិក រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ ។

សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរ អង្វែង។ ផ្លូវជាតិលេខ១១ នេះ នឹងក្លាយជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជន រវាងខេត្ត ព្រៃវែង និងខេត្តត្បូងឃ្មុំ ជាមួយនឹងរាជធានី-ខេត្តផ្សេងៗដទៃទៀត និងជាផ្លូវមួយដែលជួយសម្រួលដល់ចរាចរណ៍ ការដឹក ជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ៕ ដោយវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner