ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអារម្មណ៍របស់លោកអ្នកអាចនឹងងាយប៉ះពាល់ពីឥទ្ធិពលខាងក្រៅ ចំណែកជម្លោះក៏ងាយនឹងកើតឡើង។ សូមលោកអ្នកកំណត់ដែនរបស់ខ្លួនឲ្យបានច្បាស់លាស់។ រក្សាគំលាត និងរស់នៅដោយស្ងប់ស្ងៀម បំពេញការងារតាមកាតព្វកិច្ចនឹងអាចបញ្ចៀសបញ្ហាបានច្រើន។ ទន្ទឹមនឹងនេះ បើអាចមិនគួរចូលរួមក្នុងការប្រជុំវែកញែកនោះទេ ដោយសារកំហុសអាចនឹងកើតឡើង។ ចំពោះទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារគឺអាចធ្វើទៅបាន ប៉ុន្តែបើមិនចាំបាច់ទាក់ទងនឹងការងារ មិនគួរនិយាយស្តីច្រើននោះទេ។ ផ្ទុយទៅវិញ លោកអ្នកអាចស្វែងយល់ពីហេតុការបានល្អ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីការងារថ្ងៃនេះធានានឹងផ្តល់ជូនលោកអ្នកនូវលាភសំណាង និងភាពរីករាយសម្រាប់កិច្ចការងារ និងជីវិតឯកជនផងដែរ។ លោកអ្នកទទួលបានឳកាសច្រើន ក្នុងនោះប្រសិនបើអ្នកចាកចេញពីស្ថានភាពបច្ចុប្បន្ននោះនឹងអាចមានលទ្ធភាពកាន់តែទូលាយក្នុងអាជីព។​ សូមលោកអ្នកកុំភ័យខ្លាច បើទោះជានឹងជួបភាពរឹងស្ទះខ្លះ”ក្តី ពីព្រោះគ្មានហេតុការណ៍ណាមួយបង្ករភាពរអាក់រអួលដល់បំណងប្រាថ្នារបស់អ្នកនោះទេ។ ក្រៅពីនេះ សូមលោកកុំផ្តោតការយកចិត្តទុកដាក់លើការងារច្រើន ពិសេសការងារដែលមិនទាក់ទងនឹងជំនាញ និងបទពិសោធន៍របស់ខ្លួន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារឲ្យសោះ ពីព្រោះនៅក្នុងថ្ងៃនេះ ឳកាសប្រមូលផលនឹងកើតឡើងច្រើនណាស់សម្រាប់អ្នក។ ចំពោះដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ ស្របពេលជាមួយភាពវិជ្ជមាននានាដែលនឹងកើតឡើង សូមលោកអ្នកពិនិត្យសង្កេតលើភាពប្រែប្រួល ពិសេសទាក់ទងនឹងចំណងមិត្តភាព។ សូមរក្សាពាក្យសំដី អាកប្បកិរិយា ធ្វើយ៉ាងណាកុំបង្កើតភាពអសកម្មក្នុងការងារ។ ក្រៅពីនេះ សូមត្រៀមខ្លួនសម្រាប់ដំណើរបេសកកម្ម ឬការចាកចេញឆ្ងាយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពធ្វើឲ្យសម្រេចការងារតាមក្តីប៉ងប្រាថ្នា ព្រោះតែអំណោយផលពាក្យសំដី និងអារម្មណ៍វិជ្ជមានដែលអ្នកទទួលបានថ្ងៃនេះ។ ទន្ទឹមនឹងនេះ​ សូមព្យាយាមធ្វើកិច្ចការដែលសំខាន់ឲ្យបានឆាប់ ហើយកុំចំណាយពេលអត់ប្រយោជន៍នឹងរឿងរបស់អ្នកដទៃ។ ចំណែកការពាក់ព័ន្ធនឹងជម្លោះ ជាមហន្តរាយធំក្នុងវេលានេះ។ កំហុសទាក់ទងនឹងបំណុលអាចនឹងកើតឡើង លោកអ្នកប្រហែលជាពិបាកទទួលបានសំណងពីបំណុលណាស់ ដូច្នេះសូមគ្រប់គ្រងហិរញ្ញវត្ថុ។ ដោយឡែក​ ចំពោះអាជីករសូមប្រយ័ត្នមនុស្សសំដីផ្អែម។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ។ ក្រៅពីនេះក៏អាចជួបនឹងភាពមិនយល់ចិត្ត ឬការយល់ច្រលំពីមនុស្សនៅក្នុងក្រុមការងារជាមួយផងដែរ ដូច្នេះយកល្អគួរព្យាយាមបញ្ជាក់ពីបំណងរបស់អ្នកឲ្យបានច្បាស់។ សូមរក្សាភាពស្ងប់ជានិច្ច ព្រោះវាអាចផ្តល់នូវការគិតវែងឆ្ងាយ និងមិនអាចឲ្យគេចាប់ថ្នាក់អ្នកបាន។ ក្រៅពីនេះ សូមកុំសង្ស័យចំពោះមនុស្សនៅក្បែរខ្លួន​ ភាពសង្ស័យគ្មានមូលដ្ឋានជាចំណុចរឹងស្ទះការទទួលផលទាំងស្រុងក្នុងពេលនេះ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលសម្រាប់ពេលវេលាបញ្ចប់ការងារ និងលទ្ធភាពរៀបចំគម្រោងផែនការអនាគតដ៏វិជ្ជមាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់អ្នកមានដំណើរការល្អគួរឲ្យកត់សម្គាល់។ ជាពិសេសលោកអ្នកជាបុគ្គលិកក្នុងការិយាល័យរដ្ឋ និងឯកជន ក៏អាចទទួលបានដំណឹងដ៏រីករាយសម្រាប់អនាគតអាជីពផងដែរ។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចសម្តែងបង្ហាញនូវគោលគំនិតបានទាំងស្រុង បើទោះជាមួយស្ថានភាព និងមនុស្សតានតឹងក្តី។ លោកអ្នកអាចសម្រចចាកចេញ ឬរក្សាស្ថានភាពដដែលបាន ពីព្រោះផលដែលទទួលបានគឺល្អប្រសើរទាំងពីរ។ អ្វីដែលគួរប្រុងប្រយ័ត្នបំផុត គឺគួរគោរពឯកជនភាពរបស់មនុស្សក្បែរខ្លួន។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ នឹងទទួលបានផលល្អប្រសើរ។ លោកអ្នកអាចរំពឹងថានឹងសម្រេចការងារសំខាន់ៗបាននៅក្នុងថ្ងៃនេះ។ ក្នុងនេះដែរ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរកន្លែងការងារ គឺអាចផ្លាស់ប្តូរបានដោយមិនមានអ្វីជំទាស់រំខាននោះទេ។ ចំពោះការសាងសង់ ឡើងគេហដ្ឋាន ឬធ្វើដំណើរចាកចេញសម្រាប់ការងារនានានឹងទទួលបានភាពចម្រើនលូតលាស់។ ពេលវេលាល្អប្រសើរបំផុតរបស់លោកអ្នកគឺនៅពេលព្រឹកតែម្តង ដូច្នេះសូមកំណត់អាទិភាពការងារសំខាន់ៗសម្រាប់ពេលព្រឹក។ ប្រការគួរយកចិត្តទុកដាក់បំផុត គឺការរក្សាទឹកចិត្តរបស់ខ្លួន។​

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងមានលាភសំណាងដែលមិនបានរំពឹងទុកជាមុន។ សម្រាប់សកម្មភាពអាជីពការងារ គឺអាចនឹងដំណើរទៅរកភាពលូតលាស់ធំដុំទាំងអស់ ដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ថ្ងៃនេះជាពេលវេលាល្អក្នុងការបង្ហាញគម្រោងការងារថ្មី ការតាំងបង្ហាញស្នាដៃ និងការតាំងពិព័រណ៍សមិទ្ធផលការងារ ដូច្នេះសូមធ្វើយ៉ាងណាកុំឲ្យខកខានពេលវេលា។ អ្នកអាចនឹងទទួលបានការងារច្រើនបន្តិចនៅពេលព្រឹក ដូច្នេះធ្វើយ៉ាងណាត្រូវប្រាកដថាការងារទាំងនោះនឹងបំពេញរួចរាល់តាមកាលកំណត់។ លោកអ្នកអាចសុំជំនួយពីមនុស្សក្បែរខ្លួនបានពេញទំហឹង ដូច្នេះសូមពិនិត្យលើករណីនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ លោកអ្នកអាចរំពឹងថានឹងអាចទទួលបានផលប្រយោជន៍ច្រើននៅរវាងចុងបញ្ចប់នៃការងារក្នុងល្ងាចនេះ។ ក្នុងនោះ ការសុំជំនួយ ឬទំលាក់ការការងាររបស់ខ្លួនទៅឲ្យអ្នកដទៃ អាចមិនសូវរំពឹងបាននោះទេ។ លោកអ្នកមិនគួររំពឹងអ្នកក្រៅពេកនោះទេ សូមដំណើរការដោយខ្លួនឯងជាសំខាន់ ហើយក៏មិនចាំបាច់ត្រូវបង្ខំខ្លួនឲ្យជ្រុលពេកនោះដែរ។ ដោយឡែក​ ប្រសិនបើអ្នកមានបំណងចាកចេញ បើទោះបីជាសម្រាប់ការងារក្តី យកល្អសូមពិនិត្យលទ្ធភាពនានាមុនការចាកចេញ ប្រយ័ត្នប្រទះស្ថានភាពអវិជ្ជមានក្នុងមជ្ឈដ្ឋានខាងក្រៅ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីករាយនឹងនាំមកឲ្យដោយមនុស្សដែលនៅប្រកៀកនឹងអ្នកតែម្តង។ ចំពោះការងារ និងមុខរបរកស៊ីទាំងឡាយកំណត់បាននូវភាពរីកចម្រើនលូតលាស់ និងស្ថេរភាពយូរអង្វែង។ លោកអ្នកក៏មានលទ្ធភាពទំនាក់ទំនង និងធ្វើឲ្យមនុស្សក្បែរខ្លួនទុកចិត្តលើការងារ និងពាក្យសំដីរបស់អ្នកច្រើនផងដែរ ដូច្នេះថ្ងៃនេះជាពេលវេលាក្នុងការដោះស្រាយ និងការបង្ហាញការងារដែលលោកអ្នកបានគ្រោងទុក។ ក្រៅពី​នេះ ប្រសិនបើអ្នកមានលទ្ធភាពប្រើប្រាស់លុយកាក់សម្រាប់ជំនួញ នោះភាពចំណេញនឹងកើតឡើងច្រើន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន។ លោកអ្នកក៏អាចតាំងបង្ហាញ​ ឬផ្សព្វផ្សាយពាណិជ្ជកម្មបានល្អប្រសើរ។ អតិថិជន និងដៃគូជំនួញរបស់អ្នកមានជំនឿចិត្តនឹងអ្នក ដែលធ្វើឲ្យអ្នកអាចទទួលបានជោគជ័យដោយងាយស្រួល។ បើទោះបីជាយ៉ាងនេះក្តី ក៏សូមប្រយ័ត្នចំពោះពត៌មានក្លែងក្លាយនានា។ លោកអ្នកគួរកុំធ្វេសប្រហែលនឹងភាពអសកម្មនានា យកល្អដោះស្រាយរឿងតូចធំឲ្យបានលឿន។ ក្នុងនោះប្រហែលជាអ្នកគួរយកចិត្តទុកដាក់ពីបំណងមនុស្សនៅក្បែរខ្លួន។ អ្នកមិនអាចដំណើរការងារដោយភាពធ្វេសប្រហែសបានទេ ពីព្រោះភ្នែកទាំងឡាយកំពុងសំឡឹងមកអ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូររបស់លោកអ្នកហាក់ពិបាកទទួលបានផលតាមបំណង។ យកល្អគួររកមធ្យោបាយដោះស្រាយបញ្ហាបច្ចុប្បន្នជាជាជាងគិតគូរពីផែនការអនាគត។ កុំទាន់ចំណាយលុយកាក់ច្រើនក្នុងអាជីវកម្ម ឬក៏ទាក់ទងនឹងបំណុល ពីព្រោះឳកាសដែលអ្នកខាតបង់មានកំរិតខ្ពស់។ សូមព្យាយាមទំនាក់ទំនង និងស្នើសុំជំនួយប្រសិនបើអ្នកជាប់គាំងមិនអាចដោះស្រាយបាន។ ធ្វើយ៉ាងណាមិនគួរបង្ហាញភាពប្រថុយប្រថាន ឬចំណុចខ្សោយចំពោះមនុស្សក្បែរខ្លួននោះទេ ព្រោះពត៌មាននានាពិបាករក្សាណាស់។ យកល្អ សូមលោកអ្នកដំណើរការការងារក្នុងពេលនេះ ឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបាន។ ​

ចំណាំៈ

ឆ្នាំទាំង៥ ឆ្លូវ ខាល មមី មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ពេលនេះលោកអ្នករំពឹងថានឹងទទួលបានលាភសំណាងជាប្រាក់កាក់ និងតួនាទីការងារដែលខ្លួនរំពឹង។ ក្នុងនោះភាពរឹងស្ទះនានានឹងមិនកើតឡើងនោះទេ។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner