ព្រះមហាក្សត្រ និងសម្តេចព្រះ​មហាក្សត្រី យាង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ភ្នំពេញ ៖ ព្រះករុណា​ ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចព្រះ​មហាក្សត្រី​ ព្រះ​វរ​រាជមាតា​ជាតិខ្មែរ ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ​ព្រះអង្គ​ទាំង​ទ្វេ​បាន​ស្ដេចយាង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​សព​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះ​ដំណាក់​របស់​ព្រះអង្គ​នៅ​វិថី​សម្តេច​ប៉ាន់ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​នេះ។​

​គួរ​បញ្ជាក់ថា​ រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ថ្ងៃទី​៣​ ខែធ្នូ​ ឆ្នាំ​២០២១ ​បានចេញ​សារា​ចរណ​នាំ​ស្តីពី​ការចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​សារាចរ​បាន​ណែនាំ​៖ ១.ប្រកាស​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ។ ២. គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​របស់​រដ្ឋ ឯកជន​ទាំងអស់ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គ្រប់​ទីវ​ត្ត​អារាម ព្រមទាំង​ប្រជាជន​ទូទាំងប្រទេស ត្រូវ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​នៃ​ដងទង់​ជាតិ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១។ ៣.គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការសម្តែង និង​ចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ ដែលមាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃទី​៨ ខែធ្នូ។​

​ព្រះ​សព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ដង្ហែ​មកដល់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃអាទិត្យ ទី​៥ ខែធ្នូ​ម្សិលមិញ វេលា​ម៉ោង១១ ថ្ងៃ តាម​យន្តហោះ​ពិសេស ពី​ប្រទេស​បារាំង​។ ​សម្តេចក្រុមព្រះ​ នរោត្តម រណឫទ្ធិ​ ព្រះអង្គ​បាន​យាង​ចូលព្រះ​ទិវង្គត​នៅ​ថ្ងៃអាទិត្យ ៩​រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ៩:៤០​នាទី​ព្រឹក នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង៣:៤០​នាទី រសៀល ម៉ោង​នៅព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ៧៧​ព្រះវស្សា។ ​សម្តេចក្រុមព្រះ ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​១៩៤៤ នៅ​ក្រុងភ្នំពេញ​។ ទ្រង់​ជា​បុត្រា​ច្បង​របស់​ព្រះបាទ នរោត្តម សីហនុ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល​៕
ដោយ​:​ពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner