រដ្ឋមន្ត្រី​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ​ឯកឧត្តម វុន ម៉ោង​លីន (Wunna Maung Lwin) រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចផ្លូវការ​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ ​គឺ​នៅ​ថ្ងៃទី​៦ ​និង​ទី​៧ ​ខែធ្នូ​ ឆ្នាំ​២០២១​។​ ឯកឧត្តមនឹង​អញ្ជើញ​មកដល់​កម្ពុ​ជា​នៅ​ម៉ោងជាង​១០​ព្រឹក​ ​ថ្ងៃទី​៦ ​ខែធ្នូ​នេះ​។

​តាម​កម្មវិធី​ដែល​គ្រោងទុក​នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូស្អែក​នេះ ​ឯកឧត្តម វុន ម៉ោង​លីន អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​វិមាន​សន្តិភាព​។ បន្ទាប់ពី​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន រួច ឯកឧត្តម វុន ម៉ោង​លីន នឹង​អញ្ជើញ​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅក្រសួងការបរទេស​។​

​ទស្សនកិច្ច​របស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​នៅ​កម្ពុជា​នាពេលនេះ ផ្តោតលើ​ការស្វែងរក​ដំណោះស្រាយ​នៅ​ប្រទេស​ភូមា​ ​នៅក្នុង​សហគមន៍​អាស៊ាន ខណៈដែល​កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៧​ខ្សែ​ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​២​ និងសមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ​កាល​ព្រឹក​ថ្ងៃទី២ ខែធ្នូ​កន្លង​ទៅបាន​ថ្លែងថា​៖«​នៅ​ថ្ងៃទី៦ ទី៧ ខែធ្នូ​នេះ ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា មកកាន់​កម្ពុជា​ ហើយ​ពេលនោះ​ខ្ញុំ​នឹង​ជជែក​ខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើដំណើរ​ទៅកាន់​មី​យ៉ាន់​ម៉ា​ដោយ​មិន​ដាក់​លក្ខខណ្ឌ​ទុកជាមុន ទៅក្នុង​រូប​ភាពជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។​ ខ្ញុំ​ទៅក្នុង​នាមនាយករដ្ឋមន្ត្រី​កម្ពុជា ប៉ុន្តែ​ខ្ញុំ​អត់​ធ្វើ​សកម្មភាព​នៅពេលនេះ​ទេ»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា «​ថ្ងៃ១​មករា​, ញញួរ​គ្រាន់តែ​បាន​យកមក​ទេ​ តែ​មិនទាន់បាន​ប្រើ​ទេ​។​ អ៊ីចឹងបើ​អាស៊ាន​តែ៩ ម៉េច​បាន​ហៅ​អាស៊ាន​ទៅ​កើត​? អាស៊ាន​ត្រូវមាន កុងសង់ស៊ីស។ ​អ៊ីចឹងដែលមាន​កុងសង់ស៊ីស​ត្រូវតែមាន១០ ​ធម្មនុញ្ញ​អាស៊ាន​មិន​តម្រូវ​ឱ្យដេញ​សមាជិក​ណាមួយ​ចេញ​ទេ​។ នេះ​ជាការ​បង្ហើប​ការគិតគូរ​ខ្លះ​របស់​អនាគត​ប្រធានអាស៊ាន​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ប្រធាន​អាស៊ាន​ត្រូវ​ធ្វើការ​…»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ តើ​យើង​គួរ​ពង្រឹង​ផ្ទះ​ខ្លួនឯង?​។ ផ្ទះ​វា​មាន​ជើង​សសរ១០​។ ​ឥឡូវ​សសរ​មួយ​បាក់​តើ​ទុក​ឱ្យ​វា​បាត់​អ៊ីចឹងដើម្បី​បំពេញចិត្ត​ដៃគូ​ខាងក្រៅ​ឬក៏​ត្រូវ​រៀបចំ​ផ្ទះខ្លួនឯង​?​បើ​ផ្ទះ​ខ្លួនឯង​រៀបចំ​មិនបាន​អ្វី​ទៅ​ដែល​ហៅថា​សាមគ្គីភាព​ក្នុង​អាស៊ាន​ ឬ​ម​ជ្ឈ​ភាព​របស់​អាស៊ាន​នេះ​ជា​ចំណោទបញ្ហា​ដែល​ខ្ញុំ​លើក​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​។ ​ខ្ញុំ​លើកជាមួយ​លោកជំទាវ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី។​

​សូមបញ្ជាក់ថា ​នៅក្នុង​កិច្ចប្រជុំ​កំពួ​ល​អាស៊ាន​នៅក្នុង​ប្រទេស​ព្រុយ​ណេ​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ឯក​ភាពមិន​អញ្ជើញ​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ឱ្យ​ចូលរួម​កិច្ចប្រជុំ​នោះទេ ​តែ​បានអនុញ្ញាតឱ្យ​តំណាង​មិនមែន មន្ត្រី​រដ្ឋាភិបាល​មកចូលរួមបាន។ ប៉ុន្តែ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​មិន​បញ្ជូន​មន្ត្រី​មក​ចូលរួម​ឡើយ​៕
ដោយ​:​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner