ប្រធានាធិបតីរុស្ស៊ី និងឥណ្ឌា នឹងធ្វើកិច្ចពិភាក្សាស្តីពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងថាមពល

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងស្ថិតនៅក្នុងប្រទេសឥណ្ឌា ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប្រទេសនេះ គឺលោក ណារិនដ្រា ម៉ូឌី នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈវាជាជំនួបទ្វេភាគីលើកដំបូងក្នុងរយៈពេលពីរឆ្នាំ។

មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងថាមពល។ ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពតាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ។ កិច្ចប្រជុំនេះកើតឡើងស្របដែល សម្ព័ន្ធភាព Quad កំពុងលេចរូបរាងឡើង។ ក្រុមសម្ព័ន្ធភាពនេះរួមមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ដែលមេដឹកនាំបានព្រមព្រៀងគ្នាកាលពីខែកញ្ញា ដើម្បីធ្វើការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធ។ Quad ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងបញ្ហាប្រឈមដែលកំពុងកើនឡើងពីប្រទេសចិន។ ប៉ុន្តែរដ្ឋបាលលោក ពូទីន មានការព្រួយបារម្ភថា សម្ព័ន្ធភាពនេះពិតជាមានគោលបំណងមិនត្រឹមតែលើប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានរុស្ស៊ីដែរ។

អ្នកជំនាញបាននិយាយថា លោក ម៉ូឌី ហាក់ដូចជាចង់បង្កើតទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយរុស្ស៊ី ជាពិសេសផ្នែកយោធា។ ទំនាក់ទំនងរបស់ឥណ្ឌាជាមួយចិនមានភាពតានតឹងចាប់តាំងពីខែមិថុនាឆ្នាំមុន នៅពេលដែលកងកម្លាំងរបស់ពួកគេបានប៉ះទង្គិចគ្នានៅក្នុងតំបន់ជម្លោះមួយ។ ឥណ្ឌាមានកិច្ចសហប្រតិបត្តិការយោធាខ្លាំងជាមួយរុស្ស៊ី ជាក់ស្តែង ជាង 60ភាគរយនៃអាវុធដែលប្រទេសនេះបាននាំចូលចាប់តាំងពីឆ្នាំ 2010មក គឺជារបស់រុស្ស៊ី៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner