សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្រុងក្នុងខេត្តព្រៃវែង មានតម្លៃជិត ១០០លានដុល្លារ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និងផ្លូវក្រុងក្នុងខេត្តព្រៃវែង ដែលមានតម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ។

តាមរបាយការណ៍របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធរណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ១១នេះ បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងប្រវែងខ្សែផ្លូវសរុប ផ្លូវជាតិមានប្រវែង ៨៦.៦៨គីឡូម៉ែត្រ ឆ្លងកាត់ទឹកដីខេត្តព្រៃវែង ប្រវែង ៦៥គីឡូម៉ែត្រ និងទឹកដីខេត្តត្បូងឃ្មុំ ប្រវែង ២១.៦៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩.៨០គីឡូម៉ែត្រ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាវិស័យអាទិភាពមួយនៅក្នុងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ មកដល់បច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងវិបត្តិនៃការរាតដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅតែបន្តដំណើរការ ហើយផ្លូវជាច្រើនបានបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិ។ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ពេលនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីសិក្សា និងស្រាវជ្រាវក្នុងការផលិតវ៉ាក់សាំងនៅកម្ពុជា ហើយនៅក្នុងឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅក្នុងប្រទេសតែម្តង។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានឱ្យដឹងផងដែរថា ភាគីចិន បានកំពុងធ្វើការសិក្សា ក្នុងការពិនិត្យលទ្ធភាព នាំផ្លែមៀន និងត្រីប្រា ចូលទៅកាន់ប្រទេសចិនផងដែរ។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសដំណឹងល្អសម្រាប់កម្ពុជា ដោយភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។

ឯកឧត្តម វ៉ាង វិនធៀន បានបន្តថា ភាគីចិនបានធ្វើការសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដោយតាមរយៈវីដេអូពីចម្ងាយ ជាវិធានការសំខាន់មួយដើម្បីអនុវត្តកូសង់ស៊ីស ក្នុងការប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រសិនរលូន ផ្លែមៀនកម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលរដូវប្រមូលផលលើកក្រោយ រីឯត្រីប្រាវិញ នឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ពិតជាមានមោទនភាព និងបានអបអរសាទរនូវសមិទ្ធផលផ្លូវជាតិ១ខ្សែទៀតសម្រាប់បងប្អូនប្រាជាពលរដ្ឋនៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវនាពេលនេះ គឺជាការបង្ហាញចេញពីសមិទ្ធផលដែលកើតចេញពីប្រទេសមានសុខសន្តិភាព និងកើតចេញពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិនផងដែរ។ សម្តេចតេជោ បានផ្តាំផ្ញើតាមរយ: ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង ដែលតែងតែគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមកដល់ពេលនេះ ចិន ជួយសាងសង់ផ្លូវជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានជាច្រើនទៀត។ សម្តេចតេជោបានថ្លែងថា សម្តេចកំពុងឱ្យសិក្សាផ្លូវតភ្ជាប់រវាងស្រុកល្វាឯម ភ្ជាប់មកផ្លូវលេខ ១១នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា យើងមានគម្រោងធំៗចំនួន៣ទៀត ដែលកម្ពុជា ត្រូវសាងសង់រួមមាន៖ ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ, ផ្លូវតភ្ជាប់ពីស្រុកស្ទោង ទៅកាន់ខេត្តក្រចេះ និងផ្លូវស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ ហើយយើងក៏កំពុងសិក្សាផ្លូវតភ្ជាប់ខេត្តបាត់ដំបង និងសៀមរាបផងដែរ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ពីកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចមិនអាចទទួលយកបានការថ្លែងនេះឡើយ ចំពោះសម្តីមេទ័ពព្រំដែនវៀតណាម ដែលបាននិយាយថា កម្ពុជាជាប្រភពនាំឱ្យឆ្លងមេរោគកូវីដ-១៩ទៅវៀតណាម។ សម្តេចតេជោបានសង្កត់ធ្ងន់ថា សម្តីមេទ័ពព្រំដែនវៀតណាម ដែលបច្ចុប្បន្នជាអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បានផ្តល់នូវការឈឺចាប់ដ៏ខ្លាំងសម្រាប់សម្តេច។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនប្រឆាំងនិងរដ្ឋាភិបាលវៀតណាមទេ តែសម្តីរបស់មេទ័ពវៀតណាមរូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោបានសួរទៅមេទ័ពព្រំដែនរបស់វៀតណាមរូបនេះ គួរសូមទោសសម្តេចតេជោ និងប្រជាពលរដ្ឋកម្ពុជាដែរទេ? សម្តេចចង់ឃើញអនុរដ្ឋការពារជាតិវៀតណាម កែតម្រូវសម្តីរបស់ខ្លួន ដែលធ្លាប់និយាយថា កម្ពុជា ជាប្រភពនាំចូលកូវីដ-១៩។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីទ្រឹស្ដីដែលបានដាក់ចេញពេលដែលចាប់ផ្ដើមកាន់តំណែងជានាយករដ្ឋមន្ត្រី លើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសជាតិគឺមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយឡើយ។ សម្តេចតេជោក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាកជាពិសេសក្នុងរដូវរងារនេះ ត្រូវបន្តយកចិត្តទុក្ខមនុស្សវ័យចាស់មានជីដូន ជីតា ឪពុក-ម្ដាយអំពីសុខភាពរបស់ពួកគាត់។ សម្រាប់អ្នកក្រីក្រ អាជ្ញាធរត្រូវយកចិត្តទុកដាក់ ក្រុមការងារចុះជួយមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជាប់ជានិច្ច។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត សំដៅដល់អត្ថន័យចំនួន២ អត្ថន័យទី១ ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនដទៃទៀត ដូច្នេះបេក្ខភាពក្នុងបក្សផ្សេងទៀត ចង់ប្រកួតប្រជែង គឺអាចដាក់ពាក្យបាន។ អត្ថន័យទី២ គឺបញ្ជាក់ពីដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត មិនមែនតាមរយៈវិធីផ្សេងនោះទេ។ សម្តេចបានបញ្ជាក់ថា សម្ដេចបានសម្លឹងឃើញបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលខាងមុខចំនួន៤នាក់ឯណោះមិនមែនមានតែ១នោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអបអរចំពោះសមិទ្ធផលផ្លូវនាពេលនេះ និងបានជូនពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ជូនតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ នៅចុងបញ្ចប់កម្មវិធី សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយឯកអគ្គរដ្ឋទូតចិន ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ១១ចាប់ពីពេលនេះតទៅ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner