ស្ថានបេសកកម្មអចិន្ត្រៃយ៍ កម្ពុជាក្រើនរំលឹកថា “OHCHR មានកាតព្វកិច្ចគោរពអធិបតេយ្យភាព និងដែនយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ”

ទីក្រុងហ្សឺណែវ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២១– ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ ច្រាន ចោលទាំងស្រុង ចំពោះការអត្ថាធិប្បាយបង្កការភ័ន្តច្រឡំ មានលក្ខណៈនយោបាយូបនីកម្ម ជ្រើសរើសតែមួយជ្រុង និងបុរេវិនិច្ឆ័យ របស់លោក Rupert Colville អ្នក នាំ ពាក្យ ការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ទាក់ទិន ការ ស៊ើប អង្កេតលើជនសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម និងបុគ្គលមួយចំនួនតូច។ ខាងក្រោមនេះគឺជាការសង្កេតសំខាន់ៗមួយ ចំនួន៖

  1. អាជ្ញាធរ កម្ពុជា ពុំដែលព្រងើយកន្តើយចំពោះសេចក្តីរាយការណ៍អំពីឧក្រិដ្ឋកម្មណាមួយ នោះទេ។ ការស៊ើបអង្កេតយ៉ាងហ្មត់ចត់ដោយផ្ទៀងផ្ទាត់ជាមួយភស្តុតាងនិងសាក្សី បានឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យ ដែលក្រោយ មកបានឆ្លើយ សារភាពពីការប្រព្រឹត្ត បទ ល្មើស ។ ប្រសិនបើការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សមានភស្តុតាងដោះបន្ទុករឹងមាំ ការិយាល័យឧត្តមស្នងការត្រូវបានស្វាគមន៍ឱ្យបញ្ជូនភស្តុតាងទាំងនោះទៅកាន់អាជ្ញាធរកម្ពុជាដែលមានសមត្ថកិច្ច ដើម្បីផ្ទៀងផ្ទាត់ ដោយអនុលោមតាមវិធានដែលមានចែង។ កិច្ចសហប្រតិបត្តិការពិតប្រាកដ ដែលគ្មានរបៀបវារៈលាក់កំបាំងត្រូវបានរំពឹងទុកថា នឹងទទួលបានពីទីភ្នាក់ងារទាំងអស់របស់អង្គការសហប្រជាជាតិ ដែលមានតួនាទីជួយគាំទ្រ មិនមែនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនោះទេ។
  2. ការ និយាយយោង របស់ អ្នក នាំ ពាក្យរូបនេះ ទៅ លើ សាវតារ នយោបាយ របស់ ជន ជាប់ ចោទបង្ហាញពីការប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីធ្វើនយោបាយូបនីកម្មលើករណីទាំងនេះ។ ការចូលរួមជាមួយគណបក្ស នយោបាយ មិន មែនជា អាជ្ញាប័ណ្ណ សម្រាប់ល្មើស ច្បាប់ ដោយ និទណ្ឌភាពឡើយ។ នៅប្រទេសកម្ពុជា បុគ្គលរងការចោទប្រកាន់ ដោយផ្អែកលើមូលដ្ឋាននៃបទល្មើសដែលកំណត់ដោយច្បាប់ ពុំមែនដោយសារពួកគាត់ជានរណានោះទេ។ ក្រមព្រហ្មទណ្ឌកម្ពុជាត្រូវបានតាក់តែងដោយមានជំនួយរបស់អ្នកជំនាញមកពីបស្ចិមលោក។ មានករណីជាច្រើនដែលបង្ហាញថា បុគ្គលគាំទ្រ បក្ស កាន់ អំណាច ក្នុងករណីបំពានច្បាប់ ត្រូវបាន ផ្តន្ទាទោស ដោយ ច្បាប់ និង តុលាការ ដូចគ្នា ។ ជនជាប់ចោទមានឱកាសពេញលេញទទួលបានការជំនុំជម្រះ រួមទាំងសិទ្ធិទទួលបានមេធាវី ដើម្បីបង្ហាញទឡ្ហីករណ៍និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ។ ដំណើរការយុត្តិធម៌ព្រហ្មទណ្ឌត្រូវតែវិវឌ្ឍទៅមុខ ដោយគ្មានការ រារាំង។
  3. ជំនួសឱ្យការផ្តោតទៅលើកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គួរចំណាយធនធានតិចតួចរបស់ខ្លួន ទៅលើបញ្ហា ប្រឈមសិទ្ធិមនុស្សដែលមាននិន្នាការគួរឱ្យព្រួយបារម្ភ ដូចជា ការប្រើប្រាស់ភាសាសម្អប់ ការនិយាយបង្កាច់បង្ខូច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការរើសអើងវ៉ាក់សាំងកូវីដ ១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ។

ជាចុងបញ្ចប់ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាំបាច់ត្រូវបំពេញអាណត្តិរបស់ខ្លួនដោយអនុលោមតាមសេចក្ដីសម្រេចចិត្ត (លេខ A/RES/48/141) ដែលបានបង្កើតស្ថាប័ននេះឡើង និងបានកំណត់ឱ្យការិយាល័យសិទ្ធិមនុស្សនេះ អនុវត្តមុខងាររបស់ខ្លួនក្នុងវិសាលភាពនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចគោរពអធិបតេយ្យភាពនិងដែនយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ។ មានតែការអនុវត្តដោយប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បានត្រឹមត្រូវចំពោះពិធីសារខាងលើតែប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឱ្យបណ្ដារដ្ឋសមាជិកទាំងអស់ និយាយជារួម និងប្រទេសកម្ពុជា និយាយដោយឡែក រក្សាបាននូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាមួយយន្តការនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner