ប្រធានសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង ស្នើថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ ជួយពន្លឿនលើយន្តការដោះស្រាយដីធ្លី សម្រាប់បែងចែកជូនអតីតយុទ្ធជន គ្រាដែលផ្ទៃដីដែលត្រូវបែងចែក កំពុងប្រឈម និងប៉ះពាល់លើការកាន់កាប់ពីប្រជាពលរដ្ឋ

ខេត្តស្ទឹងត្រែង ៖ ការស្នើសុំរកកិច្ចអន្តរាគមន៍ ដោះស្រាយបញ្ហាប្រឈមដីធ្លីពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង បានធ្វើក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង កាលពីថ្ងៃចុងសប្តាហ៍មុននេះ នៅសាលាខេត្តស្ទឹងត្រែង ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ចាន់ លំផាត់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគម និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានការចូលរួមពី អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង និងថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រុង ស្រុក សរុប ប្រមាណជាង ៤០០នាក់ ។

យោងតាមសេចក្តីសម្រេចរបស់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសទទួលស្គាល់ ឯកឧត្តម ស្វាយ សំអ៊ាង ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ជំនួស ឯកឧត្តម ម៉ុម សារឿន អតីតអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគម ដែលត្រូវផ្លាស់ទៅក្រសួងមហាផ្ទៃ និង លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច ជាអនុប្រធានសមាគមអតីតយុទ្ធជន ខេត្តស្ទឹងត្រែង ជំនួស លោក ស៊ា គឹមសែ ដែលត្រូវចូលនិវត្តន៍។

ប្រធានសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងថា គិតចាប់ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១ សមាជិកសមាគមគ្រប់ប្រភេទ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ សមាគមអតីតយុទ្ធជនខេត្ត មានចំនួន ១ពាន់ ២៤៣នាក់ ក្នុងនោះស្រី ១៧០នាក់ អតីតយុទ្ធជន ដែលបានចូលជាសមាជិកសមាគម មានចំនួន ១ពាន់ ១២នាក់ ស្រី ២៨៩នាក់ ហើយសមាគមអតីតយុទ្ធជនខេត្ត បានបង្កើតឡើងនៅថ្ងៃទី២ កញ្ញា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិកគណៈអចិន្ត្រៃសមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានសំណូមពរដល់គណៈកម្មាការសមាគមខេត្ត ក្រុង ស្រុក និងសប្បុរសជន មេត្តាជួយគាំទ្រសម្ភារៈ និងថវិកា ដើម្បីទ្រទ្រង់សមាគម ,ឯកឧត្តម ឧត្តមសេនីយ៍ បានស្នើដល់ថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ ពិសេស អគ្គលេខាសមាគម សូមជួយដោះស្រាយគោលនយោបាយដីធ្លី សម្រាប់បែងចែកជូនអតីតយុទ្ធជន ដែលមានជាង ៤០០គ្រួសារ ព្រោះត្បិតពេលនេះ សមាគមមិនទាន់បានធ្វើការបែងចែកជូនអតីតយុទ្ធជននៅឡើយ ដោយចាប់គិតពីឆ្នាំ២០១៥ រហូតមកដល់ឆ្នាំ២០២១នេះ ដោយសារដីទាំងនោះនៅមានបញ្ហាប្រឈម ហើយនៅចំពោះមុខ ស្នើបែងចែកដី និងសង់ផ្ទះ ២៩ខ្នង ជាជំហ៊ានដំបូង ក្នុងចំណោម ៩៣គ្រួសារ សម្រាប់អតីតយុទ្ធជនដែលលំបាក។

អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានប្តេជ្ញាចិត្តថា ចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មការសមាគមអតីតយុទ្ធជនខេត្ត ឲ្យកាន់តែល្អប្រសើរ និងអនុវត្តភារកិច្ចឲ្យកាន់តែសកម្ម ដើម្បីបម្រើផលប្រយោជន៍ជាច្រើនទៀត ចំពោះសមាជិកអតីតយុទ្ធជនរបស់យើង ។

សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ចាន់ លំផាត់ បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជននោះទេ ព្រោះត្បិតសម្តេចទាំងទ្វេរ នៅតែនឹកឃើញជានិច្ច ចំពោះអតីកាល ដែលធ្លាប់រួមអាវុធជាមួយគ្នា ហើយសម្តេចតេជោ ក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ ផងដែរ។

ឯកឧត្តម ចាន់ លំផាត់ បាននាំយកនូវអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនអតីតយុទ្ធជនចំនួន ៧០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ និង ថវិកា ៦ម៉ឺនរៀល ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner