អភិបាលខេត្តសៀមរាប បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងស្រុកសូទ្រនិគម

សៀមរាប ៖ បងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និងភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប បានទទួលប័ណ្ណកម្មសិទ្ធិចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសំ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរងខេត្ត និងប្រធានមន្ទីរ អនុប្រធាន អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនបានអញ្ជើញចូលរួម នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងបានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបយើង ។

ឯកឧត្តម បានកោតសរសើរចំពោះគណៈកម្មការរដ្ឋបាលដែលដឹកនាំដោយ លោក លី សំរិទ្ធ ជាប្រធានគណៈកម្មការរដ្ឋបាល រដ្ឋបាលស្រុកសូទ្រនិគម និងមន្ទីរ-អង្គភាពពាក់ព័ន្ធជាសមាជិក ដែលបានខិតខំអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន ៤ នៃឃុំដំដែក រហូតសម្រេចបានការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់ប្រើប្រាស់ស្របច្បាប់។ បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធនានា បានអនុវត្តការងារចុះបញ្ជីដីធ្លីនេះ ទទួលបានលទ្ធផលជាច្រើន ហើយក៏បានពង្រីកការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ សរុបបានចំនួន ០៦ ក្រុង-ស្រុក រួមមាន ក្រុងសៀមរាប ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកក្រឡាញ់ និងស្រុកជីក្រែង។

តាមការលើកឡើងរបស់លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តថា មានចំនួន ០៤ភូមិ គឺភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និងភូមិបុស្ស ឃុំដំដែក បានអនុវត្តតាមនីតិវិធី និងគោលការណ៍ នៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធរហូតដល់សម្រេចបានការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការស្របតាមច្បាប់នោះ គឺភូមិក្រសារទុំ មានក្បាលដីសរុប ៩៧០ ដែលក្នុងនោះក្បាលដីចំនួន ៨៣០ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន ភូមិដំដែកថ្មី មានក្បាលដីសរុប ៣១៦ ក្នុងនោះក្បាលដីចំនួន ២៩៦ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន ភូមិស្រែធ្នង់ មានក្បាលដីសរុប ៦១១ ក្នុងនោះក្បាលដីចំនួន ៥១១ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន និងភូមិបុស្ស មានក្បាលដីសរុប ៦១១ ក្នុងនោះក្បាលដីចំនួន ៣៧២ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន ដោយឡែក ក្បាលដីមួយចំនួនទៀត ដែលនៅសល់ ពុំទាន់អាចចេញប័ណ្ណជូន ដោយសារតែក្បាលដីទាំងនោះជាក្បាលដី គ្មានទិន្នន័យ ជាប់ពាក់ព័ន្ធបណ្តឹងទប់ស្កាត់ ការជំទាស់តវ៉ាពាក់ព័ន្ធនឹងផ្លូវ ប្រឡាយ ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋានជាដើម ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner