ក្រសួងសាធារណការធ្វើសិក្ខាសាលាផ្សព្វផ្សាយពីនីតិវិធីពីការផ្ទេរមុខងារមួយចំនួនដល់រដ្ឋបាលថ្នាក់ក្រោមជាតិមកពីខេត្តចំនួន៥ដើម្បីលើកកម្ពស់ នៃ ការបម្រើសេវាសាធារណៈ ជូនពលរដ្ឋ

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ នូវសេចក្ដីណែនាំ”ស្ដីពីបែបបទនិងនីតិវិធីនៃការផ្ដលសេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក” នៅរដ្ឋបាលក្រុង-ស្រុកខណ្ឌ ដែលមកពីបណ្តាខេត្តទាំង៥ នៅថ្ងៃទី៧ ខែធ្នូឆ្នាំ២០២១នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីជំនាញពាក់ព័ន្ធនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តទាំង៥ខេត្ត រួមមាន៖ខេត្តបាត់ដំបង (ម្ចាស់ផ្ទះ),ខេត្តពោធិ៍សាត់,បន្ទាយមានជ័យ,ឧត្តរមានជ័យ និងខេត្តសៀមរាប។

      ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ ជាអនុប្រធានប្រចាំការ នៃ គណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា៖បច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅក្នុងពិភពលោកកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយថែមទាំងបាន និងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងការងារ ការចែករំលែកព័ត៌មាន រួមទាំងការប្រាស្រ័យទាក់ទងជាទូទៅនិងសាធារណៈផងដែរ។ បើទោះបីជាប្រព័ន្ធបច្ចេកវិទ្យានិងព័ត៌មានវិទ្យានៅថ្នាក់ក្រោមជាតិនៅមានកម្រិតក៏ដោយ  ប៉ុន្តែយើងបានដោះស្រាយជាបណ្ដើរៗ តាមរយៈនៃការបណ្ដុះបណ្ដាល ជូនដល់មន្ត្រីសម្រាប់បំពេញការងារ ក្នុងការផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋនិងដើម្បីឈានដល់ការកាត់បន្ថយ និងលុបបំបាត់ប្រព័ន្ធរដ្ឋបាល ដែលប្រើប្រាស់ក្រដាសស្នាម និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដោយការជួបមុខគ្នាផ្ទាល់ដែលជាហេតុធ្វើឱ្យការផ្ដល់សេវា មានភាពយឺតយ៉ាវ និងបង្កការលំបាកទៀតផង។

       ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា៖ ការរៀបចំឲ្យមានសិក្ខាសាលានេះឡើងគឺក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងពីកិច្ចដំណើរការនៃការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅតាមការិយាល័យច្រកចេញ-ចូល របស់ រដ្ឋបាលក្រុង-ស្រុកខណ្ឌ ក្នុងការផ្ដល់សេវាសាធារណៈនៅក្នុងមូលដ្ឋាននីមួយៗរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឆ្លើយតបតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលានិងសមស្របឆ្លើយតបទៅតាមការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ ម៉្យាងវិញទៀត វាក៏ជាផ្នែកមួយ បានជំរុញលើកទឹកចិត្តដល់មន្រ្តីឱ្យបំពេញការងារប្រកបដោយសមត្ថភាពជំនាញវិជ្ជាជីវៈនិងដើម្បីធ្វើយ៉ាងណាឲ្យការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព បានទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។

      ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពិតជាបានធ្វើការកែសម្រួល និងពង្រឹងបន្ថែម ដើម្បីឲ្យសមស្របតាមការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតនូវសេវាសាធារណៈ ឱ្យបានកាន់តែកៀកកិតទៅជិតបងប្អូនប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយ នូវ នីតិវិធីស្មុគ្រស្មាញ ដើម្បីធ្វើឱ្យរហ័ស ងាយស្រួល បានទាន់ពេលវេលា និងប្រកបដោយមនសិការ ឆន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់បានថែមទៀត។

       តាមរយៈអង្គសិក្ខាសាលាផ្សព្វផ្សាយ របស់ខ្លួននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញ និងបានផ្តោតនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ទេរមុខងារមួយចំនួនបន្ថែមទៀត ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមពេលវេលាសមស្របណាមួយជាបន្តបន្ទាប់ទៀត ដើម្បីធ្វើឱ្យប្រសើរឡើង នូវការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner