ការសម្លាប់ជនជាតិស្រីលង្ការងការចោទប្រកាន់ពីបទប្រមាថសាសនានៅប៉ាគីស្ថាន បង្កឱ្យមានការតវ៉ា

ការសម្លាប់មនុស្សយ៉ាងឃោរឃៅលើបុរសជនជាតិស្រីលង្កាម្នាក់ដែលត្រូវ​ចោទប្រកាន់ពីបទប្រមាថសាសនានៅក្នុងប្រទេសប៉ាគីស្ថាន​ បង្កឱ្យមានការតវ៉ានៅក្នុងប្រទេសទាំងពីរ ដោយមេដឹកនាំ​ប៉ាគីស្ថាន​ថ្កោលទោសចំពោះអំពើហិង្សាដែលគ្មានគ្មានការអន្តរាគមន៍ពីច្បាប់។

លោក Priyantha Diyawadanage អាយុ ៤៨ ឆ្នាំ ជាអ្នកគ្រប់គ្រងរោងចក្រនៅទីក្រុង Sialkot ត្រូវបានវាយដំរហូតដល់ស្លាប់កាលពីថ្ងៃសុក្រ ហើយសាកសពរបស់គាត់ត្រូវបានគេដុត។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ​និយាយថា មនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួនរហូតមកដល់ពេលនេះ ហើយថា​ឧបទ្ទវហេតុ​នេះ​ជាក្ដី​អាម៉ាស់​សម្រាប់ប៉ាគីស្ថាន។ ​

ភរិយារបស់ជនរងគ្រោះអ្នកស្រី Nilushi Dissanayaka ​អំពាវនាវឱ្យរដ្ឋាភិបាលប៉ាគីស្ថាន និងស្រីលង្កា ធ្វើការស៊ើបអង្កេតហ្មត់ចត់មួយ ដើម្បីរកយុត្តិធម៌ដល់ប្តី​ និងកូនពីរនាក់របស់ខ្លួន។ អ្នកស្រីលើកឡើង​ថា៖ «​ខ្ញុំ​​​ឃើញ​ថា ​គាត់[ប្ដី]​ត្រូវ​បាន​គេ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​ ដែលវា​ជាទង្វើ​​​អមនុស្សធម៌បំផុត»។

វីដេអូនៃការធ្វើទារុណកម្មត្រូវគេ​ចែករំលែក​ពេញបណ្តាញ​សង្គមកាលពីចុងសប្តាហ៍ ហើយ​បង្ហាញពីទិដ្ឋភាពនៃហ្វូងមនុស្សដែល​អូសលោក Diyawadanage ចេញពីកន្លែងធ្វើការ ហើយវាយលោករហូតដល់ស្លាប់។ ក្រោយមក​ ពួកគេបានដុតសាកសពរបស់លោក ហើយមានមនុស្សជាច្រើននៅក្នុងហ្វូងមនុស្សធ្វើការថតសែលហ្វីជាមួយសាកសពរបស់លោក។

អធិការ​ប៉ូលីសក្នុងតំបន់​អះអាង​ថា អំពើហឹង្សា​ចាប់ផ្តើមបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លោក Diyawadanage ធ្វើការប្រមាថសាសនា ដោយហែកផ្ទាំងផ្សព្វផ្សាយដែលមានដាក់ឈ្មោះរបស់ព្យាការី Muhammad ។ ប៉ុន្តែសហសេវិកម្នាក់ដែល​ប្រញាប់ប្រញាល់រត់ទៅជួយសង្រ្គោះលោក ប្រាប់សារព័ត៌មាន Associated Press ​ប៉ាគីស្ថានថា លោក Diyawadanage បានត្រឹមតែរុះរើផ្ទាំងរូបភាពប៉ុណ្ណោះ ដើម្បីរៀបចំសម្អាតអាគារ។

ការប្រមាថសាសនាត្រូវបានគេកំណត់ថាជាការនិយាយប្រមាថអំពីសាសនា ឬព្រះជាក់លាក់ណាមួយ។ ​ក្នុងប្រទេសប៉ាគីស្ថាន វាអាចមានទោសប្រហារជីវិតសម្រាប់អ្នកដែលប្រមាថសាសនាអ៊ិស្លាម។ ច្បាប់ប្រមាថមើលងាយសាសនារបស់ប្រទេស ហាមប្រាមការរំខានដល់ការប្រជុំសាសនា ការបំពានលើទីបញ្ចុះសព ការប្រមាថជំនឿសាសនា ឬចេតនាបំផ្លាញ ឬបង្ខូចកន្លែង ឬវត្ថុគោរពបូជាជាដើម។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner