សមាជិកសភាអូស្ត្រាលីម្នាក់រងការថ្កោលទោស ក្រោយប្រដូចវិធានការកូវីដ-១៩ក្នុងប្រទេសនេះទៅនឹងរបបប៉ុល ពត
លោក George Christensen សមាជិកសភាគណបក្សជាតិអូស្ត្រាលី ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្តគណបក្សកាន់អំណាច ត្រូវបានរងការថ្កោលទោសពីសំណាក់គណបក្សពលករ ដែលជាគណបក្សប្រឆាំងអូស្ត្រាលី។
រដ្ឋាភិបាលអូស្ត្រាលី ក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីស្កុត ម៉ូរីសុន បានកើតចេញពីសម្ព័ន្ធគណបក្សសេរី របស់លោក ម៉ូរីសុន និងគណបក្សជាតិខាងលើនេះឯង។
ការថ្កោលទោសនេះធ្វើឡើងក្រោយពីពេលដែល លោក Christensen បានធ្វើការប្រដូចវិធានការកូវីដ-១៩ នៅតាមបណ្ដារដ្ឋ និងដែនដីមួយចំនួននៅអូស្ត្រាលីទៅនឹងរបបប៉ុល ពត នៃកម្ពុជាប្រជាធិបតេយ្យ របបណាហ្ស៊ីអាល្លឺម៉ង់ លោក អាល់ដុហ្វ អ៊ីទ្លែរ របបលោក ម៉ៅ សេទុង ក៏ដូចជារបបលោក ចូសេហ្វ ស្តាលីន នៃសហភាពសូវៀត។ អ្នកនយោបាយ ដែលនឹងចូលនិវត្តន៍នៅឆ្នាំ២០២២ បាននិយាយដូច្នេះនៅក្នុងសភា កាលពីខែវិច្ឆិកាកន្លងទៅ។
កាលពីសប្ដាហ៍មុន នៅក្នុងកម្មវិធីជជែកគ្នាជាមួយលោក Alex Jones ដែលជាបុគ្គលស្ដាំនិយម សមាជិកសភារូបនេះថែមទាំងអំពាវនាវឱ្យមនុស្សជុំវិញពិភពលោកធ្វើបាតុកម្មនៅតាមស្ថានទូតអូស្ត្រាលី ក្នុងគោលបំណងតវ៉ាដើម្បីសេរីភាពប្រជាជនអូស្ត្រាលី។
ដែនដី និងរដ្ឋអូស្ត្រាលីមួយចំនួនបានចាត់វិធានការតឹងតែងណាស់ពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយកាលពីកន្លងទៅ គ្រាន់តែរកឃើញតែករណីមួយចំនួនសោះ ក៏ចាត់វិធានការដល់ថ្នាក់បិទក្រុងទាំងមូលតែម្ដង។
យ៉ាងណាក៏ដោយ សមាជិកសភាគណបក្សពលករបានបង្ហាញការមិនសប្បាយចិត្ត ហើយបានធ្វើការថ្កោលទោសដល់ការលើកឡើងរបស់លោក Christensen។ ក្រោយមកគណបក្សជាតិអូស្ត្រាលី ក៏បានធ្វើការថ្កោលទោសដែរ តែក៏គោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់សមាជិកសភារូបនេះផងដែរ។
ចំណែកឯលោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីមិនបានបញ្ចេញមតិអ្វីទេ ហើយខាងអ្នកនាំពាក្យរបស់រដ្ឋាភិបាលបានប្រាប់ថា ខ្លួនក៏មានជំហរដូចនឹងគណបក្សជាតិអូស្ត្រាលី៕