ប្រធានាធិបតីអាមេរិកប្រាប់មេដឹកនាំអឺរ៉ុបពីការគាំទ្រយ៉ាងមុតមាំ ចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន
វ៉ាស៊ីនតោន៖ សេតវិមាន នៅថ្ងៃចន្ទនេះព្រមានថា សហរដ្ឋអាមេរិកនឹងផ្តល់ផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ក៏ដូចជាជំរុញវត្តមានយោធារបស់ខ្លួននៅអឺរ៉ុបខាងកើត ប្រសិនបើទីក្រុងមូស្គូ ហ៊ានឈ្លានពានលើអ៊ុយក្រែន។
ការព្រមានបែបនេះរបស់សហរដ្ឋអាមេរិកបានកើតមានឡើងចំពេលដែលប្រធានាធិបអាមេរិក លោក ចូ បៃដិន ទើបតែបានជួបពិភាក្សាគ្នាពីចម្ងាយជាមួយមេដឹកនាំបណ្តាប្រទេសជាសម្ព័ន្ធមិត្តនៅអឺរ៉ុប ពាក់ព័ន្ធនឹងការប្រមូលផ្តុំកម្លាំងយោធារបស់រុស្ស៉ីនៅតាមព្រំប្រទល់ជាប់អ៊ុយក្រែន ហើយក៏បានគូសបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងមុតមាំរបស់ពួកគេ ចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែនផងដែរ។ មេដឹកនាំអឺរ៉ុបដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើនេះ រួមមានដូចជាប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជេឡា មឺគែល នាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី និងនាយករដ្ឋមន្រ្តីចក្រអង់គ្លេស លោក បូរីស ចនសុន។
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ក្រុមមេដឹកនាំបានលើកឡើងនូវក្តីបារម្ភរួមរបស់ពួកគេ ស្តីពីការប្រមូលផ្តុំកម្លាំងយោធារុស្ស៉ី នៅតាមបណ្តោយព្រំប្រទល់ជាប់អ៊ុយក្រែន ព្រមទាំងការប្រើវោហារសាស្ដ្រកាន់តែធ្ងន់ឡើងៗដោយទីក្រុងម៉ូស្គូ។ មេដឹកនាំអាមេរិក និងអឺរ៉ុបបានអំពាវនាវឲ្យរុស្ស៉ីបន្ធូរស្ថានការណ៍ ហើយបានឯកភាពគ្នាថា ការទូតគឺជាច្រកផ្លូវតែមួយគត់ ដើម្បីឆ្ពោះទៅដោះស្រាយបញ្ហាវិវាទ នៅតំបន់ដុនបាស់ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍៕ ប្រភព៖ CNA និង Reuters