ចិនព្រមានថា ការធ្វើពហិការផ្នែកការទូតរបស់អាមេរិក ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា អាចនឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី
ប្រទេសចិននៅថ្ងៃអង្គារនេះព្រមានថា ការប្រកាសជាផ្លូវការអំពីការធ្វើពហិការផ្នែកការទូតរបស់សហរដ្ឋអាមេរិក ចំពោះព្រឹត្តិការកីឡាអូឡាំពិករដូវរងា អាចនឹងប៉ះពាល់ដល់កិច្ចសន្ទនាទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ហើយថែមទាំងបានអំពាវនាវអោយរក្សានយោបាយអោយនៅក្រៅវិស័យកីឡា។
ការព្រមានខាងលើនេះរបស់ចិន កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការអំពីការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការកីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅខែកុម្ភៈ ឆ្នាំ២០២២។ បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី ចេន ផ្សាគី ក្រុមអត្តពលិករបស់សហរដ្ឋអាមេរិក មានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យើងទាំងអស់គ្នា។ យើងនឹងស្ថិតនៅពីក្រោយ គាំទ្រពួកគេ ១០០% និងលើកទឹកចិត្តពួកគេពីផ្ទះ។
គួរបញ្ជាក់ថា ការសម្រេចចិត្តដោយអាមេរិកខាងលើនេះ គឺជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទៅលើរបាយការណ៍សិទ្ធិមនុស្សនៅប្រទេសចិន ជាពិសេសនៅតំបន់ស៊ីនជាំង ហើយវាក៏បានកើតមានឡើងក្រោយពីរដ្ឋបាលលោក ចូ បៃដិន បានចំណាយពេលអស់ជាច្រើនសប្តាហ៍ ដើម្បីគិតគូរអំពីចំណាត់ការ ដែលខ្លួននឹងត្រូវធ្វើក្នុងន័យប្រឆាំងចិន៕ ប្រភព៖ Reuters