គិតត្រឹមខែវិច្ឆិកានេះ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ៩២ភាគរយហើយ

សៀមរាប ៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៩២,៧២%ហើយនេះបើតាម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងក្នុងឱកាស ដឹកនាំក្រុមការងារជំនាញបច្ចេកទេស ចុះត្រួតពិនិត្យបន្ថែម ដើម្បីធានាឱ្យគម្រោងបញ្ចប់តាមផែនការដែលបានគ្រោងទុក កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ។ ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក ។

ក្នុងដំណើរចុះពិនិត្យស្ថានភាពនៃការសង់សង់នាពេលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញធ្វើដំណើរដោយថ្មើរជើងដឹកនាំក្រុមជំនាញបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង(AC) ការដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណរបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង ការដាំស្មៅនិងផ្កាលំអសួន
និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈជាដើម។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេសរបស់អង្គភាពសាងសង់ទាំងអស់ត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួចដើម្បីធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរផងដែរឱ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភ័ណភាពថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់លើការដឹកជញ្ជូនកៅស៊ូស្រោចផ្លូវឱ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ជៀសវាងកុំឱ្យស្រក់នៅតាមដងផ្លូវ ធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបានស្ថាបនារួច។

ឯកឧត្តមទេសរដ្ឋមន្ត្រី និងក្រុមប្រតិភូ ក៏បានអញ្ជើញចុះពិនិត្យមើលស្ពានដែលបានសាងសង់ឆ្លងកាត់ដងស្ទឹងសៀមរាប ផងដែរនៅប៉ែកខាងក្រោមក្រុង និងបានស្នើឱ្យអ្នកជំនាញបច្ចេកទេសក្រោមឱវាទលាបថ្នាំពណ៌ដូចគ្នាលើតួស្ពាន និងបង្កាន់ដៃស្ពានចំនួនប្រាំកន្លែង។ជាលទ្ធផល ឯកឧត្តមទេសរដ្ឋមន្ត្រី បានពិនិត្យឃើញបញ្ហាកំហុសបច្ចេកទេសបន្តិចបន្តួចក្នុងអំឡុងពេលធ្វើការអ៊ុតកៅស៊ូ និងបានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់អង្គភាពសាងសង់ ក៏ដូចជាអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធធ្វើការកែតម្រូវឱ្យបានសមស្របទៅនឹងស្តង់ដាបច្ចេកទេសនៃការសាងសង់ ។

សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា៖ វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្ត សៀមរាបនេះ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៩២,៧២%នៃទំហំការងារសរុប។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ខ្សែនេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ ចំណាយពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន ០៨រួមមាន ៖ ១) កងវិស្វកម្មលេខ ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន ៩ក្រុមដើម្បីធានា បាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner