រកឃើញគ្រាប់មិនទាន់ផ្ទុះ១១គ្រាប់ នៅកំពង់ឆ្នាំង និងខេត្តតាកែវ (Video Inside)
គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១១គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅខេត្ត២ផ្សេងគ្នា។ យោងតាមអង្គការ ស៊ីម៉ាក់ខេត្តទាំង២ដែលបានរកឃើញគ្រាប់មិនទាន់ផ្ទុះទាំងនោះ គឺខេត្តតាកែវនិងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៦ ធ្នូ។
យោងតាមសមត្ថកិច្ចខេត្តតាកែវ, គ្រាប់មិនទាន់ផ្ទុះដែលបានរកឃើញនោះ គឺមានចំនួន៥គ្រាប់រកឃើញក្នុង ភូមិបាក់កូដ ឃុំលាយបូរ នៃស្រុកត្រាំកក់ ។ គ្រាប់មិនទាន់ផ្ទុះទាំង៥គ្រាប់ រួមមានៈ គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ ចំនួន២ គ្រាប់ ,គ្រាប់បែកដៃ ចំនួន១ គ្រាប់,គ្រាប់M៧៩ ចំនួន១គ្រាប់ និងគ្រាប់ទំលាក់M១១៧ ចំនួន១គ្រាប់ ។
ដោយឡែកគ្រាប់មិនទាន់ផ្ទុះ៦គ្រាប់ទៀតដែលរកឃើញនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវពលរដ្ឋរកឃើញនៅក្នុងអូរ នៃភូមិរមាស ឃុំអភិវឌ្ឍនៃស្រុកទឹកផុស។ គ្រាប់មិនទាន់ផ្ទុះទាំង៦គ្រាប់នោះ គឺគ្រាប់បេសែសិប ចំនួន ០១គ្រាប់ ,គ្រាប់បែកដៃចំនួន ៣គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់៦០មីលីម៉ែត្រ ចំនួន ២គ្រាប់ ។គ្រាប់មិនទាន់ផ្ទុះទាំងនោះ ត្រូវសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលទាំង២ខេត្ត បាន សហការជាមួយសមត្ថកិច្ចអង្គការស៊ីម៉ាក់ចុះមកប្រមូល យកដើម្បីធ្វើការកំទេចចោល។
កម្ពុជាមានផែន ការបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។ ទោះជាយ៉ាងណា ក្តី, មនុស្សរងគ្រោះដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅតែមានហូរហែរជារៀងរាល់ឆ្នាំ។ យោងតាមអាជ្ញា ធរមីនកម្ពុជាក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១, មនុស្ស៣៤នាក់បានរងគ្រោះដោយសារគ្រាប់មីននិង សំណល់ ជាតិផ្ទុះ ដែលនៅសេសសល់។ សេចក្តីរាយការណ៍បន្តថា ក្នុងចំណោមអ្នករងគ្រោះទាង៣៤នាក់នោះ ករណី ស្លាប់ មាន ចំនួន១០នាក់, ករណីរបួសមាន១៨នាក់, និងអ្នកពិការអវៈយវៈមានចំនួន៦នាក់៕