រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើនិមិត្តសញ្ញា និងអត្ថន័យនៃនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង-ស្រុក
ខេត្តកណ្តាល៖ នៅសាលប្រជុំសាលាខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើនិមិត្តសញ្ញា និងអត្ថន័យនៃនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង-ស្រុកទាំង១១ ដែលបានដឹកនាំកិច្ចប្រជុំដោយលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល និងដោយមានការចេញចូលរួមផងដែរពីសំណាក់មន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ និងរដ្ឋបាលក្រុង-ស្រុកទាំង១១។
ក្នុងកិច្ចពិភាក្សានោះ អង្គប្រជុំបានធ្វើការកែសម្រួលទៅលើអត្ថន័យខ្លឹមសារក៏ដូចជារចនាបថមួយចំនួន នៃនិមិត្តសញ្ញារបស់ក្រុង-ស្រុក ឱ្យសមស្របទៅនឹងសក្តានុពល ជីវប្រវត្តិភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីរបស់ប្រជាពលរដ្ឋទៅតាមបណ្ដាក្រុង-ស្រុកនីមួយៗ ដើមី្បធ្វើឱ្យនិមិត្តសញ្ញារបស់ក្រុង-ស្រុក បង្កប់ទៅអត្ថន័យដ៏ស៊ីជម្រៅ ប្រកបដោយសោភ័ណភាព ទុកសម្រាប់ប្រើប្រាស់បន្តដល់មនុស្សជំនាន់ក្រោយ។
សូមជម្រាបផងដែរថា ការបង្កើតនូវនិមិត្តសញ្ញានេះ ក៏ជាការបង្កលក្ខណៈងាយស្រួលដល់មហាជន ប្រជាជន ភ្ញៀវជាតិ អន្តរជាតិ បានស្គាល់ កាន់តែច្បាស់ អំពីសក្តានុពល ប្រពៃណី ទំនៀមទំលាប់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិមួយៗ ម្យ៉ាងទៀត ការរៀបចំនេះគឺអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និង រដ្ឋបាល ឃុំ សង្កាត់ ក្នុងការសិក្សារៀបចំកំណត់និមិត្តសញ្ញា៕ដោយ-រ៉ាវុធ