លោក បៃដិន ព្រមានលោក ពូទីន ជុំវិញការឆ្លើយតបដ៏ធ្ងន់ធ្ងរពីប្រទេសលោកខាងលិច ប្រសិនបើរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន
វ៉ាស៊ីនតោន៖ នៅក្នុងកិច្ចប្រជុំកំពូលតាមវីដេអូរយៈពេលពីរម៉ោងនៅថ្ងៃអង្គារនេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានទៅកាន់សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការឆ្លើយតបដ៏ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចពីប្រទេសលោកខាងលិច ប្រសិនបើទីក្រុងមូស្គូ ហ៊ានវាយប្រហារលើប្រទេសអ៊ុយក្រែននោះ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី បៃដិន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើងអំពីការកើនឡើងនៃកងកម្លាំងរបស់រុស្ស៊ីជុំវិញអ៊ុយក្រែន។ បន្ថែមលើនេះ លោក បៃដិន បានបញ្ជាក់ច្បាស់ៗថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនឹងឆ្លើយតបជាមួយវិធានការសេដ្ឋកិច្ច និងវិធានការដ៏ធ្ងន់ធ្ងរផ្សេងទៀតក្នុងករណីមានការវាយប្រហារផ្នែកយោធា។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន មេដឹកនាំបានគូសបញ្ជាក់ពីការគាំទ្ររបស់ពួកគេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាការទាមទារអោយរុស្ស៊ីកាត់បន្ថយភាពតានតឹង និងចូលរួមក្នុងផ្នែកការទូតវិញផងដែរ។
ដោយឡែកវិមានក្រឹមឡាំងបានលើកឡើងថា លោក ពូទីន បានស្តីបន្ទោសអង្គការណាតូចំពោះភាពតានតឹងក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការធានាផ្នែកច្បាប់កុំអោយសម្ព័ន្ធមិត្តយោធាលោកខាងលិច ពង្រីកកងកម្លាំងរបស់ខ្លួនមកកៀករុស្ស៊ី ពោលគឺបន្ថែមអ៊ុយក្រែនជាសមាជិកអង្គការណាតូមួយទៀត៕ ប្រភព៖ CNA


