សហរដ្ឋអាមេរិកដាក់បញ្ចូលវៀតណាមក្នុងបញ្ជីប្រទេសមានហានិភ័យនៃជំងឺកូវីដ-១៩
ហាណូយ៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានបញ្ចូលប្រទេសវៀតណាមទៅក្នុងក្រុមប្រទេសមានហានិភ័យខ្ពស់ពីការចម្លងជំងឺកូវីដ១៩ ខណៈដែលប្រទេសប៉ាគីស្ថាន កាលពីថ្ងៃ ចន្ទ ដើមសប្តាហ៍នេះ ក៏បានប្រកាសពង្រីកបំរាមធ្វើដំណើររបស់ខ្លួនសំរាប់ប្រទេស ៩ទៀត រួមមានវៀតណាមផងដែរ។
មជ្ឈមណ្ឌល CDC បាននិយាយថា បើពលរដ្ឋអាមេរិកត្រូវធ្វើដំណើរក្នុងគោលបំណងចាំបាច់ គេត្រូវចាក់វ៉ាក់សាំងពេញលេញមុនទៅកាន់វៀតណាម និងធ្វើតាមការណែនាំ ឬការតំរូវក្នុងស្រុកដូចជាពាក់ម៉ាស់ និងនៅឆ្ងាយពីគ្នាពីរម៉ែត្រ។ បន្ថែមលើនេះ មជ្ឈមណ្ឌល CDC ក៏បានព្រមានអ្នកដំណើរមិនចាក់វ៉ាក់សាំងអោយកំហិតការធ្វើដំណើរមិនចាំបាច់ទៅកាន់ប្រទេសវៀតណាមផងដែរ ដោយសារស្ថានភាពផ្ទុះជំងឺកូវីដ១៩នាពេលបច្ចុប្បន្នក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
សូមបញ្ជាក់ថា ប្រទេស និងដែនដីចំនួន ៤៦ រួមមានអូស្ត្រាលី ឡាវ ហ្វីលីពីន កូរ៉េខាងត្បូង ថៃ និងវៀតណាម ត្រូវអាជ្ញាធរសុខាភិបាលអាមេរិកដាក់ចូលក្នុងក្រុមកំរិត៣ ឬក្រុមប្រទេសបង្កហានិភ័យខ្ពស់នៃការចម្លងកូវីដ១៩នៅសហរដ្ឋអាមេរិក៕ ប្រភព៖ VNExpress

