លោក ស្កុត ម៉ូរីសុន៖ អូស្រ្តាលីនឹងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការធ្វើពហិការផ្នែកការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង
កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន ថ្លែងថា ប្រទេសរបស់លោកនឹងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ខណៈដែលការសម្រេចចិត្តនេះមានហានិភ័យដល់ទំនាក់ទំនងទ្វេភាគីដែលរងការប្រេះស្រាំរួចទៅហើយ។
លោក ម៉ូរីសុន បាននិយាយថា រដ្ឋាភិបាលចិនមិនទាន់បានធ្វើការប៉ុនប៉ងណាមួយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួន ដែលបានលើកឡើងដោយអូស្ត្រាលីទេ រួមទាំងការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស។ លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងស៊ីដនីថា ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលមន្ត្រីរដ្ឋាភិបាលអូស្ត្រាលីនឹងមិនទៅប្រទេសចិនសម្រាប់ការប្រកួតទាំងនោះ។ ប៉ុន្តែអត្តពលិកអូស្ត្រាលីនឹងចូលរួម។ នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបានសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើការតស៊ូរបស់ប្រទេសអូស្ត្រាលី ក្នុងការបើកបណ្តាញការទូតឡើងវិញជាមួយប្រទេសចិន ដើម្បីពិភាក្សាអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័តស៊ិនជាំង (Xinjiang) និងចំណាត់ការរបស់ទីក្រុងប៉េកាំង ក្នុងការពន្យឺត និងរារាំងការនាំចូលទំនិញរបស់អូស្ត្រាលី។
គួរបញ្ជាក់ផងដែរថា ការធ្វើពហិការជាផ្លូវការរបស់អូស្រ្តាលីនេះដែរ នឹងធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតដល់ទំនាក់ទំនងរវាងអូស្រ្តាលី-ចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដែលបានធ្លាក់ចុះបន្ទាប់ពីទីក្រុងកង់បេរ៉ា បានហាមឃាត់ក្រុមហ៊ុន ហូវៃ ពីការតភ្ជាប់បណ្តាញអ៊ីនធើណិត 5G របស់ខ្លួនក្នុងឆ្នាំ ២០១៨ និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃ COVID-19 ៕ ប្រភព៖ CNA

