គណៈកម្មាធិការ IOC៖ ខ្លួនគោរពតាមការសម្រេចចិត្តរបស់អាមេរិក ក្នុងការធ្វើពហិការផ្នែកការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង
ប៊ែកឡាំង៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ថ្លែងថា ខ្លួនគោរពតាមការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងការធ្វើពហិការផ្នែកការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង នៅខែកុម្ភៈខាងមុខនេះ ដោយសារតែបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសចិន។
ប្រធានគណៈកម្មការសម្របសម្រួលរបស់ IOC សម្រាប់កីឡាអូឡាំពិកទីក្រុងប៉េកាំង លោក Juan Antonio Samaranch បាននិយាយថា យើងតែងតែស្នើសុំការគោរពឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងការជ្រៀតជ្រែកតិចបំផុតពីពិភពនយោបាយ។ លោកបានប្រាប់ក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធើណិតថា យើងត្រូវតែទទួលស្គាល់គ្នាទៅវិញទៅមក… យើងគោរពការសម្រេចចិត្តនយោបាយដែលធ្វើឡើងដោយស្ថាប័ននយោបាយ។ លោកបន្ថែមថា យើងមានមោទនភាព ការរំភើបរីករាយ និងក្តីសង្ឃឹមថា អត្តពលិកទាំងអស់របស់ពិភពលោកនឹងរស់នៅដោយសន្តិភាពក្នុងរយៈពេល ៥៩ថ្ងៃ (នៅទីក្រុងប៉េកាំង)។
ដោយឡែកប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach ក៏បាននិយាយដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក មិនអាចត្រូវបានគេរំពឹងថា នឹងអាចដោះស្រាយបញ្ហានយោបាយជាប់គាំងរយៈពេលយូរ ដែលអ្នកនយោបាយខ្លួនឯង មិនអាចដោះស្រាយបាននោះទេ។ លោក Bach បានសង្កត់ធ្ងន់ថា ការរំពឹងថា ព្រឹត្តិការណ៍អូឡាំពិកអាចផ្លាស់ប្តូរមូលដ្ឋានប្រទេសមួយ ប្រព័ន្ធនយោបាយ ឬច្បាប់របស់ខ្លួន គឺជាការរំពឹងទុកហួសហេតុទាំងស្រុង…ព្រឹត្តិការណ៍អូឡាំពិក មិនអាចដោះស្រាយបញ្ហាដែលអ្នកនយោបាយជាច្រើនជំនាន់មិនទាន់បានដោះស្រាយនោះទេ៕ប្រភព៖ CNA និង Reuters


