អគារមន្ទីរពេទ្យខេត្តសៀមរាបថ្មីមួយតម្លៃជិត២០លានដុល្លារដែលជាជំនួយរបស់ជប៉ុនក្រោមហិរញ្ញប្បទាន ឥតសំណងបានបើកដំណើរការសាងសង់ជាផ្លូវការ

ការប្រកាសបើកដំណើរការនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានរបស់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ និង ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជាលោកស្រី កាមេយ ហារូកុ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានបញ្ជាក់ថា កិច្ចព្រមព្រៀងលើគម្រោងហិរញ្ញប្បទានឥតសំណងមួយនេះ បានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២០ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ក្នុងទឹកប្រាក់សរុបចំនួន ២ពាន់១៥៣លានយ៉េន ប្រមាណជា ១៨.៩៥ លានដុល្លាអាមេរិក។

សេចក្តីប្រកាសព័ត៌មាន ដដែលបានបញ្ជាក់ថា គោលបំណងនៃគម្រោងនេះ គឺដើម្បីកែលម្អគុណភាពសេវាថែទាំសុខភាពនៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ផ្សេងទៀតដោយការសាងសង់អាគារមន្ទីរពេទ្យ និងការផ្តល់ជូននូវគ្រឿងបរិក្ខារពេទ្យ ព្រមទាំងចូលរួមពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាពនៅក្នុងខេត្ត។

គម្រោងនេះនឹងធ្វើការសាងសង់អាគារថ្មីមួយ ដែលមានទំហំប្រហែល ៧ពាន់២៦០ម៉ែត្រការ៉េនៅក្នុងបរិវេណមន្ទីរពេទ្យខេត្តសៀមរាប បំពាក់ដោយគ្រែអ្នកជំងឺចំនួន ២១២គ្រែនៅក្នុងអាគារផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកផ្សេងទៀត។ លើសពីនេះទៅទៀត គម្រោងនេះនឹងផ្តល់ជូននូវឧបករណ៍វេជ្ជសាស្រ្តមួយចំនួនទៀតរួមមាន៖ ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ត ក៏ដូចជាសម្ភារប្រើប្រាស់សម្រាប់សាលអាគារនៅក្នុងមន្ទីរពេទ្យខេត្តផ្ទាល់ និងនៅតាមមន្ទីរពេទ្យស្រុកចំនួនបួនផ្សេងទៀត។

ads banner