អគ្គមេបញ្ជាការកងទ័ពកម្ពុជានិងប្រ៊ុយណេបានបើក កិច្ចប្រជុំទ្វេភាគីរួមគ្នាដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ បានជួបពិភាក្សាជាមួយ អគ្គមេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេ ឧត្តមសេនីយ៍ទោ ដាតុសេរី ផាឡាវ៉ាន់ ហាជី ហាំហ្សា ប៊ីន ហាជី តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ អគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ បានផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីការចូលរួមរបស់កងទ័ពជាមួយរាជរដ្ឋាភិបាល និងសម្រេចស្នាដៃធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។

អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងប្រ៊ុយណេ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈដោយសារជំងឺកូវីដ១៩។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញ អគ្គមេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេ ដើម្បីចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕

ads banner