កងយោធពលខេមរភូមិន្ទនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ

ការថ្លែងបញ្ជាក់នេះគឺបានធ្វើឡើងក្នុងឱកាសដែល អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជួបពិភាក្សាការងារជាមួយ អគ្គមេបញ្ជាការ កងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ ស្រ៊ី ហាជី អាហ្វេនឌី ប៊ីន ប៊ូអាង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមកងយោធពលខេមរភូមិន្ទដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្សពិ សេន បានអញ្ជើញ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

ក្នុងជំនួបពិភាក្សានោះ អគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ បានគូសបញ្ជាក់អំពីការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

អគ្គមេបញ្ជាការកងទ័ពកម្ពុជា និង ម៉ាឡេស៊ី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានអះអាងពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈដោយសារជំងឺកូវីដ-១៩។

ads banner