ជប៉ុន បានផ្តល់អាងហែលទឹក អាគារលំហាត់ប្រាណមានបំពាក់សម្ភារៈ និងផ្លូវរត់អត្តពលកម្ម៨ខ្សែបន្ទាត់ ជូនវិទ្យាស្ថានអប់រំកាយ និងកីឡា

អាងហែលទឹក អាគារលំហាត់ប្រាណមានបំពាក់សម្ភារៈបរិក្ខារ និងផ្លូវរត់អត្តពលកម្មចំនួន៨ខ្សែបន្ទាត់ របស់រាជរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន តាមរយៈជំនួយយឥតសំណង គូសាណូណិ និងជំនួយឥតសំណង ដែលសម្របសម្រួលដោយអង្គការបេះដូងមាស ប្រគល់ជូនវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោម ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និង ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។


លោកស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបញ្ជាក់ថា សមិទ្ធផល ដែលទទួលបានជំនួយពីរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង គូសាណូណិ ជូនវិទ្យាស្ថានអប់រំកាយ និងកីឡា មានតម្លៃសរុបចំនួន ៩ម៉ឺន ៦៤០ ដុល្លារអាមេរិក ។


ឯកឧត្តម MIKAMI Masahiro បានលើកឡើងថា សមិទ្ធផលហេដ្ឋារចនាសម័ន្ធកីឡា ទាំងអស់នេះ វានឹងជួយឲ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានគុណភាពខ្ពស់ ក្នុងបរិយាកាសសមស្រប ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ឲ្យនិស្សិតកម្រិតថ្នាក់អប់រំកាយ និងកីឡា ប្រកបដោយគុណភាព ទៅចែករំលែកនៅតាមបណ្តាសាលារៀននានា នៅក្នុងប្រទេស នៅពេលពួកគេបានបញ្ចប់ការសិក្សា ។ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ទៀតថា ថ្នាក់អប់រំកាយ មិនត្រឹមតែផ្តល់ឲ្យសិស្សនូវភាពសកម្មផ្នែករាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្រៀនពីសារៈសំខាន់ នៃការងារជាក្រុម ការអនុវត្តតាមបទបញ្ញត្តិ និងស្មារតី នៃការលេងដោយយុត្តិធម៌តាមរយៈសកម្មភាពជាក្រុម ។ បទពិសោធន៍ដែលទទួលបានតាមរយៈការយល់ដឹង និងការរៀនសូត្រជាមួយមិត្តរួមថ្នាក់ និងក្លាយជាទ្រព្យសម្រាប់ជីវិត ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា សមិទ្ធផលទាំងអស់នេះ និងត្រូវបានប្រើប្រាស់យូអង្វែង និងជានិមិត្តរូបរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ។


ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុង បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីៗ ដែលជាជំនួយ តាមរយៈគម្រោង គូសាណូណិ និងអង្គការ បេះដូងមាស ជួយដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីប្រើប្រាស់ក្នុងការបណ្តុះបណ្តាលដល់គរុសិស្ស វាជាការចូលរួមចំណែកមួយ ក្នុងការអភិវឌ្ឍរចនាសម្ព័ន្ធ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឲ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សា នៅពេលខាងមុខ ។

ការអភិវឌ្ឍនេះ បំរើដល់ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអប់រំកាយ និងកីឡា ប្រកដដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសបង្រៀនដល់ក្មួយៗគរុសិស្ស គុរុនិស្សិតនូវមុខវិជ្ជាអត្តពលកម្ម ហែលទឹក និងការធ្វើលំហាត់ប្រាណ ដោយប្រើប្រាស់ឧបករណ៍ហាត់ប្រាណអោយបានត្រឹមត្រូវ និងស្តង់ដា ក្លាយជាគ្រូអប់រំកាយ និងកីឡា ពោពេញដោយសមត្ថភាព ទៅបំរើរការងារតាមរាជធានី-ខេត្ត ស្របតាមគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ។


ជាចុងក្រោយ ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន អគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី នាយិកាអង្គការ បេះដូងមាស ដែលបានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner