ចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងខេត្តសៀមរាប

អត្ថបទដោយ៖
ធី ដា

សៀមរាប ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ពិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងចង់ដាំដុះបន្លែដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងខេត្តសៀមរាប មានចំនួន២ស្រុក គឺស្រុកក្រឡាញ់ ក្នុងឃុំសែនសុខ និងស្រុកស្រីស្នំ ក្នុងឃុំមោង ប្រជាពលរដ្ឋប្រមាណជាង ៤០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រាប់ពូជបន្លែចំនួន ៤មុខ មានល្ពៅ ប៉េងបោះ ត្រប់វែង ស្ពៃចង្កិះ ។ កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយមានវត្តមានឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ។

ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្ននេះ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ទូទាំងពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បញ្ហាសេដ្ឋកិច្ចសកល ក្នុងនោះសម្រាប់ខេត្តសៀមរាប ក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ គឺធ្វើឱ្យយើងមានប៉ះពាល់ដល់ចំណូលគ្រួសារ ហើយគ្រួសារ មួយចំនួនឈានដល់ការបាត់បង់សមាជិកគ្រួសារផងដែរ ។

ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ មានប្រសាសន៍ថា កន្លងមកយើងបានផ្តល់ និងចែកជូនគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយលើកទី១ កាលពីឆ្នាំ២០១៨ បានផ្តល់ចំនួន ២៩ ៤៣១គ្រួសារ និងលើកទី២ ឆ្នាំ២០១៩ បានផ្តល់ចំនួន ១៦ ៧៩៩គ្រួសារ ដល់ប្រជាកសិករនៅក្នុងខេត្តសៀមរាប ។ ជាក់ស្តែងឆ្នាំ២០២១នេះ ក៏បានបន្តធ្វើការចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ដូចដែលមានកម្មវិធីនាថ្ងៃនេះ សម្រាប់ការផ្តល់ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលមានគោលដៅស្តារជីវភាពគ្រួសារឡើងវិញ។

ឯកឧត្តម សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលបានទទួលនូវពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗនេះនឹងយកទៅធ្វើការដាំដុះឱ្យបានទាន់ពេលវេលាស្របតាមលក្ខណៈបច្ចេកទេស និងស្នើដល់រដ្ឋបាលស្រុក ឃុំ ភូមិ បន្តផ្តល់នូវគោលការណ៍ណែនាំផ្សេងៗបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋដែលទទួលបានពូជបន្លែនេះ ទទួលផលប្រយោជន៍នៃការដាំដុះដើម្បីស្តារជីវភាពបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តកិច្ចសហការជាមួយក្រុមការងារ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំដទៃទៀត ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner