កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាបទីតាំងល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញមួយកន្លែងឃាត់ខ្លួនមនុស្ស ៤នាក់ និងសម្ភារមួយចំនួនធំ
ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ១៨ និង ៣០ នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោ បានសហការជាមួយគណ:បញ្ជាការឯកភពខណ្ឌទួលគោក ដឹកនាំផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក ផល សុខរចនា ជាក្រឡាបញ្ជីអមផង ក្រុមប្រតិបត្តិការបានចុះបង្ក្រាបជាក់ស្ដែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមអនឡាញ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៦៨ ផ្លូវ លេខ២៤៥ក្រុមទី៣៣ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៤នាក់ រួមមាន ៖ ទី១/ឈ្មោះ ងុឹង សារុណ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកណេត A366 ស្នាក់នៅផ្ទះជួលផ្លូវលំ បូរីរុងរឿង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានី ភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។ ទី២/ឈ្មោះ លី ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកណេត A366 ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាភ្នាក់ងារសីសង) ។ ទី៣/ឈ្មោះ ងួន ថាញ់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ណេត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។ និងទី៤/ឈ្មោះ ងួន ចាន់ថា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ណេត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។
ក្នុងនោះចាប់យកវត្ថុតាងរួមមាន ៖ ម៉ូនីទ័រចំនួន២០គ្រឿង , CPU ចំនួន១៥គ្រឿង , ឃីប៊តចំនួន១៥ , ម៉ៅចំនួន១៤ , ម៉ាស៊ីនព្រីនបុងបាល់ចំនួន៣គ្រឿង , ម៉ាស៊ីនព្រីនឯកសារចំនួន២គ្រឿង , ក្បាលកាម៉េរ៉ាសុវត្ថិភាព មួយគ្រឿង/ប្រាក់រៀល ចំនួន៦,៩៦៨,៥០០៛ (ប្រាំមួយលានប្រាំបួនសែនប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំរយរៀលគត់ ) /ប្រាក់ដុល្លារចំនួន២៦៧៥$ (ពីរពាន់ប្រាំមួយរយចិតសិបប្រាំដុល្លារអាម៉េរិច) វិញ្ញាបនបត្រអនុញ្ញាតអាជីវកម្ម របស់ឈ្មោះ នាក់ គន្ធា មួយសន្លឹក-ម៉ូតូចំនួន០១គ្រឿងម៉ាក Yamaha Mio ពណ៌ទឹកប៊ិចចាស់ លាយទឹកប្រាក់អត់ស្លាកលេខ និងឯកសារបុងចាក់បាល់ស៊ីសងមួយចំនួន ។
ក្រោយពីត្រួតពិនិត្យរួចក្រុមប្រតិបត្តិការសម្រេចឃាត់ជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ។ ទីតាំងប្រព្រឹត្តបទល្មើសខាងលើត្រូវបានសមត្ថកិច្ចបិទសៀលឃ្លុំបេរផ្ទះជាបណ្ដោះអាសន្ន ៕ធ.ដ