ប្រជាពលរដ្ឋស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទទួលបានផ្លូវលំជនបទ ១ខ្សែមានប្រវែង ១៥គីឡូម៉ែត្សម្រាប់ការធ្វើដំណើរ បានងាយស្រួល និងឆាប់រហ័ស

ខេត្តស្ទឹងត្រែង ៖ ផ្លូវនិងស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងគ្រួសារ បើមានផ្លូវប្រាកដជាមានក្តីសង្ឃឹម នេះជាការលើកឡើងរបស់ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង ក្នុងពេលដែលលោក និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវលំជនបទ ១ខ្សែ មានប្រវែង ១៥ គីឡូម៉ែត្រ ដែលក្រុមមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទើបនឹងបញ្ចប់ក្នុងការស្ថាបនា នៅក្នុងរយៈពេលកន្លងមកនេះ ។

ការចុះពិនិត្យផ្លូវលំ ១ខ្សែនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ធ្នូឆ្នាំ២០២១ នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង លោក ព្រំ ចន្ថា បានបញ្ជាក់ថា ផ្លូវលំ ១ខ្សែនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ លើគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ។ ផ្លូវ ១ខ្សែនេះ មានប្រវែង ១៥គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ សង់តភ្ជាប់ពីឃុំអូរម្រះ ដល់ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅជិតព្រំប្រទល់ខេត្តក្រចេះ ផ្លូវនេះទើបត្រូវបានបញ្ចប់ក្នុងការស្ថាបនា នាពេលកន្លងទៅថ្មីៗនេះ ។

អភិវាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា នេះជាសមិទ្ធិផលដ៏សំខាន់មួយទៀត ដែលស្រុកសៀមបូក ទទួលបានជាអំណោយដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្តល់ជូនប្រជាពលរដ្ឋ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិកម្ម និងកសិផលនានា ពីទីជនបទដាច់ស្រយាល មកកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner