រាជរដ្ឋាភិបាល ផ្តល់ចំណងដៃស្ពានបេតុង ១ខ្សែ សម្រាប់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានប្រើប្រាស់ និងការធ្វើចរាចរណ៍ឆ្លងកាត់ ប្រកបដោយសុវត្ថិភាព

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ពិសេស ប្រជាពលរដ្ឋនៅក្នុងស្រុកសេសាន បានសម្តែងការអរគុណ និងដឹងគុណដល់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចបានផ្តល់ស្ពានបេតុ ១ខ្សែ ជំនួសស្ពានឈើចាស់ទ្រុឌទ្រោម ដែលពួកគាត់តែងព្រួយបារម្ភពីសុវត្ថិភាព នៅក្នុងពេលធ្វើដំណើរឆ្លងកាត់ទៅមក ប៉ុន្តែពេលនេះពួកគាត់លែងព្រួយបារម្ភទៀតហើយ ។

ស្ពានបេតុង ១ខ្សែ ដែលមានប្រវែង ៦០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ដែលបានសាងសង់ឡើងក្នុងការចំណាយទឹកប្រាក់ច្រើនម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមាន អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង និង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈាង ឡាក់ កាលពីថ្ងៃទី១០ធ្នូឆ្នាំ២០២១ ស្ថិតនៅក្នុង ភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ។ ស្ពានបេតុង ១ខ្សែនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈ និងការស្ថាបនាដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ។

អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា នេះជាសមិទ្ធិផលដ៏សំខាន់មួយទៀត ដែលប្រជាពលរដ្ឋស្រុកសេសាន ទទួលបានពី រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនតាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរ ការដឹកជញ្ជូនផលដំណាំ និងកសិផលនានា ទៅកាន់ទីផ្សារ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងទៀតថា តាមរយៈការទទួលបាន នូវសមិទ្ធផលនានាពី រាជរដ្ឋាភិបាល ពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា ដូចជាផ្លូវ ស្ពាន និងប្រព័ន្ធធារាសាស្រ្ត ជាដើម ដែលសមិទ្ធផលទាំងនោះ បាននិងកំពុងជួយដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ពីមួយឆ្នាំទៅមួយឆ្នាំ ។

ឯកឧត្តម ស្វាយ សំអ៊ាង បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសមិទ្ធផលនានា ដែលបាននិងកំពុងរីកដុះដាល់នៅក្នុងមូលដ្ឋាននេះឲ្យបានគង់វង្ស យូរអង្វែង សម្រាប់កូនចៅយើងទៅថ្ងៃអនាគត ។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ក៏បានផ្តល់ជូននូវអាវរងារជាង ១០០អាវ រួមទាំងថវិកាមួយចំនួន ជូនលោកតា លោកយាយ នៅក្នុងមូលដ្ឋាននោះផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner