២០ឆ្នាំក្រោយ ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅឥណ្ឌូនេស៊ី តែមេភេរវកម្មទើបតែរងការចោទប្រកាន់

រា​ត្រី​ថ្ងៃ​សៅរ៍មួយ ​នៃ​​ខែ​តុលា ឆ្នាំ២០០២ បារ​នៅ​ទីក្រុង​ទេសចរណ៍​បាលី​ចំនួន ២កន្លែង​បាន​រង​បំផ្ទុះ​គ្រាប់បែក​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណ ២០០នាក់​បាន​បាត់​បង់​ជីវិត ហើយ​មនុស្ស​រាប់រយ​នាក់​ទៀត​បាន​រង​របួស។

មិនមាន​ក្រុម​ណា​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​ពី​ហេតុការណ៍​នេះ​ភ្លាមៗ​នោះ​ទេ។ តាម​រយៈ​ការ​ស៊ើបអង្កេត​រួមមួយ​​រវាង​អាជ្ញាធរ​ឥណ្ឌូនេស៊ី និង​ភ្នាក់ងារ​ស៊ើបអង្កេត​សហរដ្ឋអាមេរិក FBI បាន​កំណត់​អត្តសញ្ញាណ​​អំពើ​ភេរវកម្ម​នោះ​ជា​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ដោយ​មាន​ការ​បញ្ជា​ពី​ក្រោយ​ដោយ​ក្រុម Jemaah Islamiyah (JI) ដែល​ជា​ក្រុម​ភេរវកម្ម​បង្កើត​ឡើង​នៅ​ឥណ្ឌូនេស៊ី ហើយ​មាន​បណ្ដាញ​នៅ​ពាស​ពេញ​អាស៊ីអាគ្នេយ៍។

ក្រោយ​ពី​មាន​ការ​ស្រាវជ្រាវ​ជា​ច្រើន​ គេ​រក​ឃើញ​ថា ក្រុមJI នេះ​មាន​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​អាល់កៃដា ដែល​ជា​ក្រុម​បើក​យន្តហោះ​ទៅ​បុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ នៅ​​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០០១ ដែល​ព្រឹត្តិការណ៍​នេះ​គេ​ច្រើន​តែ​ហៅ​ថា ព្រឹត្តិការណ៍ ១១កញ្ញា​ (៩/១១)។

មេ​ក្លោង​នៅ​ពី​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​គឺ លោក Encep Nurjaman ឬ មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ហាំបាលី (Hambali)។ លោក​បាន​កើត​នៅ​ឥណ្ឌូនេស៊ី ហើយ​លោក​ក៏​បាន​ចូល​រៀន​ក្នុង​សាលា​ឥស្លាម​កាល​ពី​វ័យ​កុមា​។ ក្រោយ​មក​នៅ​ទសវត្ស​ ១៩៨០ លោក​ក៏​បាន​ហោះ​ទៅ​កាន់​អាហ្វហ្គានីស្ថាន ដើម្បី​ជួយ​ក្រុម​សកម្ម​ប្រយុទ្ធ​មូចាហ៊ីឌីន (Mujahideen) ច្បាំង​នឹង​កងទ័ព​សូវៀត ដែល​បាន​ឈ្លានពាន​អាហ្វហ្គានីស្ថាន​នៅ​ឆ្នាំ១៩៧៩។

នៅ​ពេល​នោះ​ហើយ​ដែល លោក​មាន​ទំនាក់ទំនង​ជាមួយ​ពួក​អារ៉ាប រួម​មាន​ទាំង​លោក អូសាម៉ា ប៊ីន ឡាឌែន ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មេ​គំនិត​នៃ​ឧបទ្ទវហេតុ ៩/១១។

ក្រោយ​ពី​មាន​ហេតុការណ៍ ៩/១១ នា​អាមេរិក លោក​ក៏​មាន​បំណង​ពង្រីក​ឥទ្ធិពល​ឥស្លាម​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។ តាម​រយៈ​ភស្តុតាង​ និង​ឯកសារ​ជា​ច្រើន​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា លោក​ទទួល​បាន​ជំនួយ​ពី​ក្រុម​អាល់កៃដា ដើម្បី​ចេញ​ប្រតិបត្តិការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ឥណ្ឌូនេស៊ី។

លោក​ទទួល​បាន​លុយ​ពី​អាល់កៃដា​យ៉ាង​តិច ៨៦ ០០០ដុល្លារ​អាមេរិក នៅ​ក្នុង​គណនី​ធនាគារ​ក្រោម​ឈ្មោះ​របស់​លោក​ផ្ទាល់។ តាម​រយៈ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​បាលី គេ​ប៉ាន់ស្មាន​ថា​ប្រតិបត្តិការ​នេះ​ចំណាយ​លុយ​ប្រមាណ ៣៥ ០០០ដុល្លារ ដែល​ចំណាយ​លើ​ឡាន​ដាក់​គ្រាប់​បែក គ្រាប់​បែក និង​ជួល​ថ្លៃ​ផ្ទះ​ជា​ដើម។

ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​បាលី ធ្វើ​ឱ្យ​​អាមេរិក​ធ្វើ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​រូប​លោក ហាំបាលី ដោយ​ដល់​ថ្នាក់​អាមេរិក​បញ្ជូន​ភ្នាក់ងារ​ចារកម្ម​ CIA មក​សហការ​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​នានា​ ដើម្បី​ចាប់​ខ្លួន​លោក។

ក្រោយ​ផ្ទុះ​គ្រាប់​បែក​នៅ​បាលី លោក​បាន​គេច​ខ្លួន​ពី​ឥណ្ឌូនេស៊ី​មួយ​រយៈ​ទៅ​កាន់​ប្រទេស​អាស៊ីអាគ្នេយ៍​នានា ដែល​រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ។ ក្រោយ​មក​នៅ​ខែ​សីហា ឆ្នាំ២០០៣ នៅ​ឥណ្ឌូនេស៊ី​មាន​ជួប​អំពើ​ភេរវកម្ម​បន្ថែម​ទៀត ដោយ​ម្ដង​នេះ​នៅ​រដ្ឋធានី​ហ្សាការតា​តែ​ម្ដង។

លោក ហាំបាលី បន្ទាប់​មក​ក៏​គេច​ទៅ​ស្រុក​ថៃ ហើយ​ថែម​ទាំង​មាន​គម្រោង​ភេរវកម្ម​ជា​ច្រើន​ទៀត ដែល​រាប់​បញ្ចូល​ទាំង​គម្រោង​ក្នុង​ការ​បើក​យន្តហោះ​បុក​ព្រលាន​យន្តហោះ​សិង្ហបុរី ឆាងជី ទៀត​ផង​។

លុះ​នៅ​ខែ​តុលា ឆ្នាំ២០០៣ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ប្រតិបត្តិការ​រួម​រវាង​កងកម្លាំង​សន្តិសុខ​ថៃ និង​ទីភ្នាក់ងារ CIA អាមេរិក នៅ​ឯ​ទីក្រុង​អយុធ្យា ចម្ងាយ ៧៥គីឡូម៉ែត្រ​ពី​រាជធានី​បាងកក។

លោក​ក្រោយ​មក​បញ្ជូន​ទៅ​កន្លែង​ងងឹត​នានា​របស់​ CIA ហើយ​ចុង​ក្រោយ​ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​យោធា​អាមេរិក​ហ្គ័នតាណាម៉ូ (Guantanamo) ហើយ​លោក​ត្រូវ​បាន​ខាង​អាមេរិក​ចាត់​ទុក​ថា​ជា «ជន​ជាប់​ឃុំ​មាន​តម្លៃ​ខ្ពស់»។

យ៉ាងណាមិញ មាន​សេចក្ដីរាយការណ៍​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា លោក​ហាំបាលី ក៏​ដូច​ជា​អ្នក​ជាប់​ឃុំ​ខ្លួន​ជា​ច្រើន​ទៀត​នៅ​ហ្គ័នតាណាម៉ូ កោះ​គុយបា រង​ការ​ធ្វើ​ទារុណកម្ម​ក្រៅ​ច្បាប់​យ៉ាង​ព្រៃផ្សៃ​ ដោយ​អាជ្ញាធរ​អាមេរិក។

ចាប់​ខ្លួន​តាំង​ពី​ឆ្នាំ២០០៣ មក លោក​មិន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ជា​ផ្លូវការ​ម្ដង​ណា​ឡើយ។ លុះ​នៅ​ខែ​សីហា​ ឆ្នាំ២០២១​នេះ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​យោធា​អាមេរិក​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​រួម​បញ្ចូល​អំពើ​ឃាតកម្ម ភេរវកម្ម និង​បទ​សមគំនិត​នានា។

អ្នកស្រី​ Susan Sim ដែល​ជា​អ្នក​កាសែត​សិង្ហបុរី​នៅ​ទីក្រុង​ហ្សាការតា​អំឡុង​ព្រឹត្តិការណ៍ ៩/១១ បាន​សរសេរ​នៅ​ក្នុង​សារព័ត៌មាន South China Morning Post ថា ប្រសិន​បើ​មតិ​ក្នុង​ស្រុក​របស់​អាមេរិក​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​បិទ​គុក​ហ្គ័នតាណាម៉ូ​មែន​ នោះ​ប្រទេស​អាស៊ីអាគ្នេយ៍​ ជាពិសេស​ឥណ្ឌូនេស៊ី នឹង​ទទួល​រឿង​ឈឺ​ក្បាល​មែន​ទែន​ហើយ។

ពន្ធនាគា​ហ្គ័នតាណាម៉ូ​នេះ ជា​ពន្ធនាគារ​យោធា​ ដែល​ជា​កន្លែង​ឃុំ​ខ្លួន​ឧក្រិដ្ឋជន​ជាន់ខ្ពស់​របស់​អាមេរិក​។ ដោយសារ​តែ​មាន​ដំណឹង​ថា​មាន​ការ​ធ្វើ​ទណ្ឌកម្ម​ឃោរឃៅ​ជា​ច្រើន មាន​ការ​តវ៉ា​មួយ​ចំនួន​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​បិទ​ពន្ធនាគារ​នេះ។

ក្នុង​ករណី​ដែល​លោក ហាំបាលី ត្រូវ​បាន​កាត់​ក្ដី​មិន​ទាន់​ដាច់​ស្រេច​ នោះ​អាមេរិក​ទំនង​ជា​បញ្ជូន​បុរស​រូប​នេះ ឱ្យ​ឥណ្ឌូនេស៊ី​ជា​អ្នក​កាត់ក្ដី​បន្ត ប្រសិន​បើ​គុក​ហ្គ័នតាណាម៉ូ​ត្រូវ​បាន​បិទ​ចោល​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកស្រី Sim។

អ្នក​ស្រី​បាន​បន្ថែម​ថា ប្រសិន​បើ​តុលាការ​យោធា​កាត់​ឱ្យ​លោក​ ហាំបាលី ជាប់​ទោស​ដាច់​ស្រេច​ នោះ​លោក​អាច​នឹង​ទទួល​ទោស​នៅ​ពន្ធនាគារ​ឥណ្ឌូនេស៊ី ប្រសិន​បើ​គុក​នោះ​នឹង​បិទ​មែន៕

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner