G7 រួមគ្នាគាំទ្រការទប់ស្កាត់វិបត្តិរុស្សី-អ៊ុយក្រែនដែលអាចកើតមាន
កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមប្រទេសអ្នកមាន ហៅកាត់ថាG7 បានព្យាយាមបញ្ចុះបញ្ចូលរុស្សីកុំឱ្យឈ្លានពានចូលប្រទេសអ៊ុយក្រែន ដោយធ្វើការព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរចំពោះការលុកលុយណាមួយ ហើយបានជំរុញឱ្យក្រុងមូស្គូវិលត្រឡប់មកតុចរចាវិញ។
រដ្ឋមន្ត្រីក្រសួងការបរទេសនៃចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន កាណាដា និងសហភាពអឺរ៉ុបបានជួបប្រជុំនៅទីក្រុងលីវ៉ឺភូលចក្រភពអង់គ្លេស។ កិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 ធ្វើឡើងនៅពេលដែលប្រទេសលោកខាងលិចទាំងនេះព្រួយបារម្ភអំពីមហិច្ឆតាយោធា និងសេដ្ឋកិច្ចរបស់ចិន ការបរាជ័យកិច្ចពិភាក្សាដើម្បីទប់ស្កាត់អ៊ីរ៉ង់ក្នុងការបន្តដំណើរឆ្ពោះទៅរកអាវុធនុយក្លេអ៊ែរ និងការប្រមូលផ្ដុំកងទ័ពរុស្សីយ៉ាងច្រើននៅតាមព្រំដែនអ៊ុយក្រែន។
ក្នុងការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអង់គ្លេសអ្នកស្រីលីស ត្រាស់ស៍លើកឡើងថា G7 ត្រូវតែនិយាយក្នុងសំឡេងតែមួយ។ អ្នកស្រីនិយាយថា៖ «យើងត្រូវការពារខ្លួនយើងប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើនឡើងពីតួអង្គអរិភាព ហើយយើងត្រូវរួមគ្នាយ៉ាងខ្លាំងដើម្បីក្រោកឈរឡើងចំពោះអ្នកអរិភាពដែលស្វែងរកការកំណត់ព្រំដែននៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ»។
មន្ត្រីការបរទេសអាមេរិកមួយរូបនិយាយថា G7 ពិតជារួបរួមគ្នាឆ្លើយតបយ៉ាងឆាប់រហ័សជាមួយនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើរុស្សីឈ្លានពានប្រទេសអ៊ុយក្រែន ប៉ុន្តែនៅតែមានផ្លូវការទូតដើម្បីកាត់បន្ថយភាពតានតឹងជាមួយរុស្ស៊ី។
អ៊ុយក្រែន បានក្លាយជាចំណុចកណ្ដាលនៃភាពតានតឹងរវាងលិច-កើត ខណៈពេលដែលខ្លួនបានចោទប្រកាន់រុស្សីថាបានប្រមូលផ្ដុំទាហានរាប់ម៉ឺននាក់នៅតាមព្រំដែន ដើម្បីត្រៀមធ្វើការឈ្លានពានទ្រង់ទ្រាយធំ។
រុស្សីបានច្រានចោលការចោទប្រកាន់នេះ ហើយបានចោទប្រកាន់អ៊ុយក្រែន និងអាមេរិកថាកំពុងបង្កអស្ថិរភាពក្នុងតំបន់ រួចបាននិយាយថាខ្លួនត្រូវការការធានាសន្តិសុខពីលោកខាងលិចធ្វើដើម្បីការពារខ្លួន៕
![](https://asset.ams.com.kh/central/media/4BI7FYDFXJNU5LKLOLBZA6LTPY.webp)
![](https://asset.ams.com.kh/central/media/YTLZ5QQI6ZNVPI5GVPDWYLYHDQ.jpg)
![](https://asset.ams.com.kh/central/media/DDX27YKFE5KIBPKQ6EVVPLLX3E.jpg)
![](https://asset.ams.com.kh/central/media/3CJP73B3TFNL7NZUTWEZP3OXVQ.jpg)
![](https://asset.ams.com.kh/central/media/J3KOC7W4UVPZZMMEPC6SI7M2IU.jpg)
ប្រភព៖ Reuters