សម្ដេចតេជោ ៖ ថ្ងៃនេះ កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣០ម៉ឺនដូសបន្ថែមទៀត ជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ៣០ម៉ឺនដូស បន្ថែមទៀត ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាបន្តទៀតហើយ។

ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រមាណ ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។ មកដល់ពេលនេះវ៉ាក់សាំងចម្រុះជាង ៣លានដូសហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ វ៉ាក់សាំងជាជំនួយរបស់កូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានោះ មានដូចជាស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា ម៉ូដេណា និងចនសុន&ចនសុន។

កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។

ភាពជោគជ័យរបស់កម្ពុជា លើការរកបានវ៉ាក់សាំង និងការសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានស្ទើរតែ១០០ភាគរយ លឿនជាងផែនការគ្រោងទុកនេះ នាំឱ្យអង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាច្រើន បង្ហាញនូវការស្ញប់ស្ញែង និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យ និងការរាតត្បាតនៃជំងឺកូវីដ១៩ ហើយកំពុងបើកប្រទេសជាតិឡើងវិញគ្រប់វិស័យផងដែរ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner