រឿងក្លែងបន្លំស្នាមមេដៃបង្កើតបក្សបេះដូងជាតិ ៖ តុលាការកោះហៅសមាជិកគាំទ្រឱ្យចូលបំភ្លឺ

ភ្នំពេញ ៖ តុលាការបានចេញដីកាកោះហៅសមាជិកគាំទ្រគណបក្សបេះដូងជាតិមួយចំនួន ដែលបានចូលរួមផ្តិតមេដៃបង្កើតគណបក្សបេះដូងជាតិ ឱ្យចូលឆ្លើយនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បំភ្លឺពីដំណើររឿងក្លែងបន្លំ (ពាក់ព័ន្ធគណបក្សបេះដូងជាតិ) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានចេញដីកាកោះហៅឈ្មោះ ស៊ីម ឆាំ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងឈ្មោះ ជា អ៊ាន រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចូលទៅបំភ្លឺដំណើររឿងក្លែងបន្លំពាក់ព័ន្ធគណបក្សបេះដូងជាតិ។

ក្រសួងមហាផ្ទៃបានបដិសេធចំពោះសំណើសុំចុះបញ្ជីគណបក្ស បេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ និងសម្រេចឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការស្រាវជ្រាវបុគ្គលដែលមានចេតនាទុច្ចរិត ក្នុងការផ្តិតស្នាមមេដៃជំនួសការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតស្នាមមេដៃឱ្យខូចគុណភាព និងសម្រេចដាក់ពាក្យប្តឹងតំណាងស្ថាបនិកគគណបក្សបេះដូងជាតិ ទៅតុលាកការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់ AMS ថា ក្រសួងមហាផ្ទៃបានសម្រេចមិនចុះបញ្ជីគណបក្សបេះដូងជាតិ ដោយពិនិត្យឃើញថា ពាក្យស្នើសុំមិនជាការស្នើសុំដោយសុចរិតទេ និងប្តឹងតំណាងស្ថាបនិកគណបក្សបេះដូងជាតិ ទៅតុលាការ។ ស្នាមដៃដែលផ្តិត គឺមានភាពមិនប្រក្រតី ដោយបានឱ្យអគ្គស្នងការនគរបាលជាតិធ្វើការស៊ើបអង្កេតលើស្នាមមេដៃទាំងអស់ (ជិត៥ពាន់ស្នាមមេដៃ)។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា “សូមស្ថាបនិកគណបក្សបេះដូងជាតិ កុំរត់ចោលស្រុក ប្រាប់ឱ្យហើយ នៅតតាំងនៅតុលាការ ហើយកុំទៅជួបបរទេសអីណាសុំសិទ្ធិជ្រកកោន ហើយសូមអំពាវនាវឱ្យបរទេសទាំងអស់កុំជួយមនុស្សខុសច្បាប់ កុំផ្តល់សិទ្ធិជ្រកកោននយោបាយ កន្លងមកយើងពិបាកធ្វើណាស់”។

យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជម្រាបទៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិថា ក្រសួងមហាផ្ទៃបានធ្វើការរំលឹកចំនួន២ (ពីរ) លើករួចមកហើយ ចំពោះ “គណបក្សបេះដូងជាតិ” ដើម្បីឱ្យធ្វើការកែសម្រួលខ្លឹមសារ នៃលក្ខន្តិកៈ គណបក្សតាមលិខិតដូចចុះក្នុងយោងខាងលើ។ ប៉ុន្តែគណបក្សនេះ នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដោយពុំកំណត់អំពីវិធាននៃការបញ្ចូលសមាជិកភាព ទៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះ ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សបេះដូងជាតិ ធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្ស ឱ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ ជាកំហិត។ ក្នុងករណី នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងសម្រេចមិនចុះឈ្មោះ “គណបក្សបេះដូងជាតិ” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យបង្កើត “គណបក្សបេះដូងជាតិ” បន្ទាប់ពីតំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានដាក់ពាក្យស្នើសុំបង្កើតកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner