អត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស លើវិញ្ញាសាទ្រីយ៉ាត្លុងឯកត្តជនទាំងបុរស-នារី ពីការប្រកយតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅខេត្តកែបបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញាសាទាំងអស់ ដោយអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស លើវិញ្ញាសាទ្រីយ៉ាត្លុងឯកត្តជនទាំងបុរស-នារី ។


លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបញ្ជាក់ថា ការប្រកួតកីឡាទ្រីយ៉ត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានដំណើរការដោយរលូនល្អ ជាពិសេសក្រោមផ្តល់កិត្តិយស និងការលើកទឹកចិត្តពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។ ឆ្នាំនេះមានកីឡាករ កីឡាការិនីចូលរួមលើវិញ្ញាសាទាំងអស់ សរុប៥៧នាក់ ក្នុងនោះមានកីឡាករកីឡាការិនីបរទេសចំនួន១៥នាក់។

លោកអគ្គលេខាធិការ បានបញ្ជាក់ថា លទ្ធផលបច្ចេកទេសឆ្នាំនេះ បានល្អប្រសើរ ដោយសារសហព័ន្ធបានរៀបចំការបោះជំរុំហ្វឹកហាត់ សម្រាប់កីឡាករ កីឡាការិនីមុនការប្រកួត និងវគ្គបណ្តុះបណ្តាលបច្ចេកទេស មុនការប្រកួតជើងឯកថ្នាក់ជាតិនេះ ដែលព្រឹត្តិការណ៍ទាំងមូលទទួលបានលទ្ធផលជាផ្លែផ្កា ខុសប្លែកពីឆ្នាំមុនៗ ពីព្រោះថា នៅក្នុងការប្រកួតលើវិញ្ញាសាចម្បងៗ គឺយើងឲ្យកីឡាករ កីឡាការិនីជម្រើសជាតិបានលេងបាន២វិញ្ញាសាធំៗនេះ ។ ឆ្នាំមុនៗ កីឡាករ ឬកីឡាការិនីម្នាក់លេងតែ១វិញ្ញាសាប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះយើងបានឲ្យពួកគាត់លេងទាំងពីរវិញ្ញាសា ដែលនេះជាគំរូមួយ ដែលកីឡាករ ឬកីឡាការិនីម្នាក់អាចលេងបាន២វិញ្ញាសា ដូចនៅក្រៅប្រទេសមួយចំនួន ។ ជារួមលោកវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបញ្ចេញថាមពលកម្លាំង និងបច្ចេកទេសរបស់អត្តពលិកទាំងអស់ ដែលមានការកើនឡើងសម្រាប់ឆ្នាំ២០២១នេះ។


បើទោះលទ្ធផលគាប់ប្រសើរនៅឆ្នាំនេះ ក៏លោក ងិន សុខបញ្ញា មិនទាន់ហ៊ានអះអាងពីក្រុមជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជាអាចឈានដល់កម្រិតមេដាយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមនោះទេ ប៉ុន្តែស៊ីហ្គេម ឆ្នាំ២០២២ គឺជាម៉ែត្រវាស់ស្ទង់កម្រិតសមត្ថភារបស់ក្រុមជម្រើសជាតិយើង ហើយយើងបានដាក់គោលដៅដ៏ធំ គឺប្រជែងឲ្យបានមេដាយ១គ្រឿង នៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាយើង ។


ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត យើងបានខិតខំសហការគ្នាយ៉ាងល្អប្រសើរ ដោយព្យាយាមធ្វើយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់ ។ «អ្វីដែលសំខាន់យើងប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅតាមដងផ្លូវ ដែលកីឡាករ កីឡាការិនីយើងប្រកួត ដោយសារប្រភេទកីឡាទ្រីយ៉ាត្លុង គឺមានហែលទឹក ជិះកង់ និងរត់ប្រណាំង ពោលគឺយើងបានខិតខំសម្របសម្រួលជូនដំណឹងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ព្រមទាំង បងប្អូប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ ។ យើងឃើញថា ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រពីមហាជន និងក៏បង្ហាញពីសមត្ថភាពនៃការរៀបចំ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនដល់អត្តពលិក ដោយធ្វើឲ្យការប្រកួតថ្នាក់ជាតិនេះដំណើរការដោយរលូន និងជោគជ័យ» ។


ជាលទ្ធផលវិញ្ញាសា អាគ័រត្លុង (ហែលទឹក+រត់) លេខ១ មេដាយមាស កីឡាករ សៀង ណូរ៉ា ក្លិបក្រសួងការពារជាតិ ។ ឌូយ៉ាត្លុងបុរស-នារី (រត់+ជិះកង់+រត់) លេខ១ បានទៅលើកីឡាការិនី អ៊ួន ចន្ទភត្រា និងកីឡាករ កាង ធឿន ដែលជ័យលាភីទាំងពីរមកពីក្លិបក្រសួងមហាផ្ទៃដូចគ្នា។ ទ្រីយ៉ាត្លុងបុរស-នារី (ហែលទឹក+ជិះកង់+រត់) ចំណាត់លេខ១ កីឡាករ នាង ពេជ្រពិសិដ្ឋ ខណៈលេខ១នារី កីឡាការិនី អ៊ួន ចន្ទភត្រា ដែលអ្នកទាំងពីរមកក្លិបក្រសួងមហាផ្ទៃដូចគ្នា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner