លោកជំទាវ ឡោក ខេង ដឹកនាំប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំសមាជិកសភាជាស្ត្រី នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៩

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និងជាប្រធានប្រតិភូសភាកម្ពុជាសម្រាប់កិច្ចប្រជុំសមាជិកសភាជាស្ត្រី នៃ APPF29 បានដឹកនាំសហការីចូលរួមកិច្ចប្រជុំសមាជិកសភាជាស្ត្រី នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៩ តាមរយៈប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

កិច្ចប្រជុំសមាជិកសភាជាស្ត្រី នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៩ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការធ្វើឱ្យបានសម្រេចសមភាពយេនឌ័រ តាមរយៈការបង្កើន ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី” នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ណាំ អ៊ីន ស៊ុន (Hon. Nam In-soon) សមាជិការដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ។

ប្រតិភូដែលបានចូលរួមផ្ដល់បទអន្តរាគមន៍ក្នុងកិច្ចប្រជុំសមាជិកសភាជាស្ត្រី បានធ្វើការកត់សម្គាល់ថា វិបត្តិ COVID-19 បានធ្វើឲ្យមានភាពប្រឈមកាន់តែខ្លាំងឡើងទៅនឹងការរើសអើង និងការព្រងើយកន្តើយចំពោះស្ត្រី ហើយកិច្ចប្រជុំបានជំរុញឱ្យសមាជិកសភា ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអន្តរសភា ដើម្បីកសាងសង្គម ដែលកាន់តែមានភាពស៊ាំ និងធន់ជាងមុន ក្នុងរយៈពេលវែង និងរួមគ្នាប្រើវិធីសាស្ត្រដែលឆ្លើយតបទៅនឹងយេនឌ័រ សម្រាប់ដោះស្រាយវិបត្តិនានានៅពេលអនាគត។

កិច្ចប្រជុំក៏បានអះអាងឡើងវិញនូវអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ 1979 ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) 1995 សេចក្តីប្រកាសប៉េកាំង និងវេទិកាសម្រាប់សកម្មភាព និងដំណោះស្រាយនៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី 27 និង 28 ស្តីពីការសម្រេចបានសមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រីនៅគ្រប់កម្រិតនៃការសម្រេចចិត្ត និងបានជំរុញឱ្យប្រទេសជាសមាជិកធានាឱ្យមានការចូលរួមពីតំណាងរបស់ស្ត្រី ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី5 របស់អង្គការសហប្រជាជាតិស្តីពីសមភាពយេនឌ័រ។

តាងនាមគណៈប្រតិភូសភាកម្ពុជា លោកជំទាវ ឡោក ខេង បានធ្វើការចែករំលែកបទពិសោធន៍ពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅទៅមុខ ដើម្បីសម្រេចបាននូវសមភាពយេនឌ័រ តាមរយៈការបង្កើនការចូលរួម និងភាពជាតំណាងរបស់ស្ត្រី ដោយសារតែកម្ពុជាបានដាក់សមភាពយេនឌ័រជាចំណុចអាទិភាពមួយ ក្នុងចំណោមចំណុចអាទិភាពជាច្រើន ពិសេសរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាជួយជំរុញស្រ្តីចូលរួមទាំងក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកជំទាវ បានបន្តថា ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ ជាម្ចាស់ហត្ថលេខីនៃអនុសញ្ញា សន្ធិសញ្ញា នៃច្បាប់អន្តរជាតិនានាសម្រាប់ស្ត្រី កម្ពុជាក៏មានច្បាប់ គោលនយោបាយ វិធានការជាក់លាក់ជាច្រើនដើម្បីសម្រេចនូវនយោបាយដឹកនាំប្រទេស ប្រកបដោយសុខដុមរមនា ពិសេសគឺយល់ច្បាស់ពីគុណតម្លៃនៃការចូលរួមរបស់ស្ត្រីយ៉ាងពិតប្រាកដទាំងក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ទៀតថា សភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកិច្ចការនារីបានរួមគ្នាដើរតួនាទីដ៏សំខាន់ សហការគ្រប់ភាគីពាក់ព័ន្ធ គ្រប់ស្ថាប័ន គណបក្សនយោបាយ សង្គមស៊ីវិល វិស័យឯកជន ក្រុមគ្រួសារ ជាពិសេសបុរសៗ គឺជាអ្នករួមចំណែកសំខាន់ក្នុងការចូលរួមបញ្ជ្រាបយេនឌ័រលើគ្រប់វិស័យ និងគ្រប់ទីកន្លែង ដោយប្រកាន់ខ្ជាប់ថា “ជួយស្ត្រី គឺជួយខ្លួនយើង” ដែលធ្វើឱ្យកម្ពុជាសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ ក្នុងការផ្តល់ភាពអង់អាចដល់ស្រ្តី ក្នុងវិស័យអប់រំ សុខាភិបាល និងធុរកិច្ច។

ក្នុងនាមសមាជិកាសភានិងជាអគ្គរាជទូតនៃអ្នកដឹកនាំនយោបាយស្រ្តីកម្ពុជាមួយរូប លោកជំទាវ ឡោក ខេង ក៏បានជម្រាបជូនកិច្ចប្រជុំអំពីការបំផុសយុទ្ធនាការ “នារីវ័យក្មេងដឹកនាំ” នៅកម្ពុជា ដែលជាការកសាងភាពជាអ្នកដឹកនាំដល់ក្មេងស្រី ចាប់តាំងពីវ័យក្មេងដើម្បីពង្រឹងក្ដីសុបិនរបស់ពួកគេ និងជួយឱ្យពួកគេខិតខំប្រឹងប្រែងដើម្បីសម្រេចក្តីសុបិននេះ។ តាមរយៈយុទ្ធនាការនេះ សភាកម្ពុជាកំពុងតែរួមចំណែកក្នុងការកសាងធនធានអ្នកដឹកនាំស្រ្តីប្រកបដោយសមត្ថភាព គុណធម៌ និងជំរុញក្តីស្រម៉ៃចង់ធ្វើជាអ្នកដឹកនាំដូចបុរសនាពេលអនាគត សម្រាប់ក្មេងស្រីឱ្យបានដល់គោលដៅរួម។

សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF29 ដែលសភានៃសាធារណរដ្ឋកូរ៉េធ្វើជាម្ចាស់ផ្ទះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងភាពធន់ក្រោយសម័យកូវីដ-១៩”។ ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF29 ជាផ្លូវការ គឺនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner